(Reuters)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយថាការប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេងនៅក្នុងសង្រ្គាមអ៊ុយក្រែន គឺជាសារមួយ បញ្ជូនទៅកាន់លោកខាងលិចថាទីក្រុងមូស្គូបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីធានានូវជ័យជម្នះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការកត់សម្គាល់បែបនេះរបស់លោក Sergei Lavrov ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតអាមេរិក លោក Tucker Carlson កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ។ លោក Lavrov បានសង្កត់ធ្ងន់ថា «ជាការបញ្ជូនសារមួយ នោះគឺសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកដែលបានផ្ដល់អាវុធរយៈចម្ងាយឆ្ងាយទៅឱ្យរបបទីក្រុងកៀវ ពួកគេត្រូវតែយល់ឱ្យច្បាស់ថាយើងបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីទប់ស្កាត់កុំឱ្យពួកគេទទួលបានជ័យជម្នះនៅក្នុងទម្រង់ ដែលពួកគេហៅថាជាបរាជ័យយុទ្ធសាស្ត្រសម្រាប់រុស្ស៉ី»។
លោកបន្ថែមថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងប្រឹងប្រែងរក្សអនុត្តរភាពរបស់ពួកគេលើពិភពលោក លើប្រទេសទាំងឡាយ លើតំបន់ទាំងឡាយ និងទ្វីប ទាំងឡាយ ហើយថារុស្ស៉ីវិញកំពុងតស៊ូដើម្បីផលប្រយោជន៍សន្តិសុខស្របច្បាប់របស់ខ្លួនឯង។
គួរបញ្ជាក់ថា រុស្ស៉ីបានប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីថ្មីឈ្មោះ Oreshnik នៅក្នុងការវាយប្រហារលើទីក្រុង Dnipro របស់អ៊ុយក្រែន កាលពីខែវិច្ឆិកា កន្លងទៅ។ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានចាត់ទុកថាការវាយប្រហារនេះគឺជាការធ្វើតេស្ដមីស៊ីលជាក់ស្ដែងនៅលើសមរភូមិ ហើយថារុស្ស៉ីនឹងបន្តធ្វើតេស្ដមីស៊ីល ស៊េរីថ្មីនេះដែលលោកអះអាងថាគ្មានអាវុធណាបាញ់ទម្លាក់បាន៕