(ហ្គាហ្សា)៖ ក្រុមហាម៉ាស់ បានអបអរសាទរប្រជាជនស៊ីរី ចំពោះការផ្តួលរំលំរបប លោក Bashar al-Assad និងបានសម្តែងក្តីសង្ឃឹមថា ស៊ីរីនឹងបន្តគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមហាម៉ាស់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះ ដូច្នេះថា «យើងឈរយ៉ាងរឹងមាំជាមួយប្រជាជនដ៏អស្ចារ្យនៃប្រទេសស៊ីរី ... និងគោរពឆន្ទៈ ឯករាជ្យភាព និងជម្រើសនយោបាយរបស់ប្រជាជនស៊ីរី... យើងសង្ឃឹមថា ស៊ីរីក្រោយលោក Assad នឹងបន្តតួនាទីជាប្រវត្តិសាស្ត្រ និងសំខាន់របស់ខ្លួនក្នុងការគាំទ្រប្រជាជនប៉ាឡេស្ទីន»។
ដោយឡែក ក្រុមជីហាតអ៊ីស្លាមដែលជាសម្ព័ន្ធមិត្តរបស់ហាម៉ាស់ ក៏បានសម្តែងក្តីសង្ឃឹមស្រដៀងគ្នានេះផងដែរ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងហាម៉ាស់ និងរដ្ឋាភិបាលលោក Assad ធ្លាប់មានភាពតានតឹងខ្លាំងនឹងគ្នា បន្ទាប់ពីហាម៉ាស់បានគាំទ្រការបះបោរប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី ក្នុងឆ្នាំ ២០១១ និងបានចាកចេញពីទីស្នាក់ការរបស់ខ្លួន នៅក្រុង Damascus ក្នុងឆ្នាំ ២០១២។ ប៉ុន្តែក្រោយមក ក្រុមទាំងពីរបានសម្រេចចិត្តស្តារទំនាក់ទំនងឡើងវិញ។
ទោះជាយ៉ាងណា ក្រុម Hezbollah ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ និងជាក្រុមគាំទ្រដ៏សំខាន់របស់លោក Assad បានសម្តែងការព្រួយបារម្ភ ចំពោះការដួលរលំនៃរដ្ឋាភិបាលស៊ីរី។ ការដួលរលំនៃរដ្ឋាភិបាលលោក Assad ត្រូវបានមើលឃើញថា ជាការវិវឌ្ឍន៍ដ៏សំខាន់មួយ នៅក្នុងតំបន់មជ្ឈិមបូព៌ា។ វាអាចនឹងប៉ះពាល់ដល់តុល្យភាពអំណាច នៅក្នុងតំបន់ និងអាចនាំឱ្យមានការផ្លាស់ប្តូរ នៅក្នុងគោលនយោបាយការបរទេស របស់ប្រទេសមួយចំនួន៕