(សេអ៊ូល)៖ ប៉ូលិសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃពុធ ទី១១ ខែធ្នូថាពួកគេបានចុះឆែកឆេរការិយាល័យរបស់លោកប្រធានាធិបតី Yoon Sook Yeol ខណៈការស៊ើបអង្កេតលើការប្រកាស ដាក់ឱ្យប្រើច្បាប់អាជ្ញាសឹករបស់លោក ហាក់ជឿនលឿនទៅមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសារមួយផ្ញើទៅកាន់ AFP ទីភ្នាក់ងារប៉ូលិសជាតិ ទីភ្នាក់ងារប៉ូលិសសេអ៊ូល និងសេវាសន្តិសុខរបស់សភាកូរ៉េខាងត្បូង បានគូសបញ្ជាក់យ៉ាងខ្លីថា «ក្រុមអ្នកស៊ើបអង្កេតពិសេសបានដឹកនាំ ការចុះឆែកឆេរការិយាល័យប្រធានាធិបតី»។ តែមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។ ក្រោយប្រកាសដាក់ច្បាប់អាជ្ញាសឹកមិនបានសម្រេចកាលពីថ្ងៃសប្ដាហ៍មុន ឥលូវ លោក Yoon កំពុងស្ថិតក្រោម បម្រាមហាមចេញទៅក្រៅប្រទេស ខណៈការស៊ើបអង្កេតពីបទ «បះបោរ» លើក្រុមមន្ត្រីជំនិតៗរបស់លោកហាក់កំពុងជឿនលឿនទៅមុខ។

គួរបញ្ជាក់ថា នៅថ្ងៃពុធនេះដែរ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានរាយការណ៍ថាអតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun បានប៉ុនប៉ងធ្វើអត្តឃាតបញ្ចប់ជីវិត នៅឯ មន្ទីរឃុំឃាំងមួយកន្លែងស្ថិតនៅភាគខាងកើតទីក្រុងសេអ៊ូល។ បើតាមប្រធានមន្ទីរឃុំឃាំង នៅបន្ទាប់ពីការប៉នប៉ុងធ្វើអត្តឃាតមិនបានសម្រេច លោក Kim ត្រូវបានដាក់ស្ថិតនៅក្រោមការតាមដាន និងការពារយ៉ាងយកចិត្តទុក ហើយមិនមានបញ្ហាសុខភាពអ្វីនោះទេ។

លោកប្រធានាធិបតី Yoon Sook Yeol បានប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ប៉ុន្តែច្បាប់អាជ្ញាសឹកនេះ ត្រូវបានលុបចោលវិញ ហើយលោក Kim បានលាលែងពីតំណែង កាលពីព្រហស្បតិ៍សប្ដាហ៍មុន។ បន្ថែមពីលើនេះ អគ្គស្នងការនគរបាលជាតិកូរ៉េខាងត្បូង លោក Cho Ji-ho ក៏ត្រូវបានចាប់ខ្លួនផងដែរនៅព្រឹកថ្ងៃពុធនេះ ក្រោមការចោទប្រកាន់ពីបទបះបោរ។ លោក Cho ត្រូវបានចោទប្រកាន់ថាបានដាក់ពង្រាយកងកម្លាំងប៉ូលិស ដើម្បីរារាំងសមាជិកសភា មិនឱ្យចូលទៅខាងក្នុងវិមានសភា ក្រោយលោក Yoon ប្រកាសប្រើច្បាប់អាជ្ញាសឹក៕