(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃពុធ ទី១១ ខែធ្នូ បាននិយាយថារុស្ស៉ីអាចនឹងវាយប្រហារលើអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយប្រើមីស៊ីលបាលិស្ទីគល្បឿនលឿន ជាងសំឡេងស៊េរីថ្មី (hypersonic) របស់ខ្លួនសាជាថ្មី ខណៈទាំងរុស្ស៉ី និងអ៊ុយក្រែនកំពុងប្រឹងប្រែងស្វែងរកអត្ថាប្រយោជន៍នៅលើសមរភូមិ ដើម្បីមានទឹកមាត់ប្រៃនៅឯកិច្ចចរចា ណាមួយសំដៅបិទបញ្ចប់សង្រ្គាមចាយពេលជិត ៣ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បានប្រាប់ក្រុមអ្នកសារព័ត៌មានថាសហរដ្ឋអាមេរិក មិនបានចាត់ទុកថាមីស៊ីលបាលិស្ទីគល្បឿនលឿនជាងសំឡេងស៊េរីថ្មី របស់រុស្ស៉ីឈ្មោះ Oreshnik ជា game changer ឬអ្នកផ្លាស់ប្ដូរស្ថានការណ៍នៅលើសមរភូមិឡើយ ប៉ុន្តែថារុស្ស៉ីកំពុងព្យាយាមប្រើប្រាស់គ្រប់អាវុធទាំងអស់ដែលខ្លួនមានដើម្បីបំភិត បំភ័យអ៊ុយក្រែន។ បើតាមអ្នកនាំពាក្យរូបនេះ ការព្រមានរបស់សហរដ្ឋអាមេរិកធ្វើឡើងដោយផ្អែកលើការវាយតម្លៃពីព័ត៌មានស៊ើបការណ៍សម្ងាត់ថ្មីមួយ តែមិនបានផ្ដល់ព័ត៌មានលម្អិត អ្វីបន្ថែមឡើយ ក្នុងនោះរួមមានថាតើរុស្ស៉ីនឹងវាយប្រហារលើគោលដៅណាមួយនៅលើទឹកដីអ៊ុយក្រែននោះទេ?

គួរបញ្ជាក់ថា រុស្ស៉ី បានវាយប្រហារលើអ៊ុយក្រែន ដោយប្រើមីស៊ីល Oreshnik ជាលើកដំបូងលើទីក្រុង Dnipro របស់អ៊ុយក្រែន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ជាការឆ្លើយតបទៅនឹង អ៊ុយក្រែនដែលបានប្រើប្រាស់មីស៊ីលអាមេរិក ATACM និងមីស៊ីលអង់គ្លេស Storm Shadows វាយប្រហារលើគោលដៅនៅក្នុងទឹកដីរុស្ស៉ី ក្រោយទទួលបានការអនុញ្ញាតពី លោកខាងលិច៕