(កាប៊ុល)៖ លោក Khalil Rahman Haqqani រដ្ឋមន្ត្រីក្រសួង​ជនភៀសខ្លួន​របស់​រដ្ឋាភិបាល​តាលីបង់ បានស្លាប់​ក្នុង​ការបំ​ផ្ទុះ​មួយ​នៅ​រដ្ឋធានី​កាប៊ុល នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្មួយ​ប្រុស​របស់​លោក គឺលោក Anas Haqqani ដែលបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Khalil Haqqani គឺជា​មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់​របស់​បណ្តាញ Haqqani ដែលជា​ក្រុម​សកម្មប្រយុទ្ធ​ដ៏​មាន​ឥទ្ធិពល​មួយ ដែល​ត្រូវ​បាន​សហរដ្ឋអាមេរិក​ចោទប្រកាន់​ថា ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​ធំៗ​ជាច្រើន ក្នុងអំឡុងពេល​សង្គ្រាម​អាហ្វហ្គានីស្ថាន រយៈពេល ២០ឆ្នាំ។ លោក​បាន​ក្លាយ​ជា​រដ្ឋមន្ត្រី ក្នុង​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​តាលីបង់ បន្ទាប់ពី​កងទ័ព​បរទេស​ដកខ្លួន​ចេញពី​អាហ្វហ្គានីស្ថាន ក្នុង​ឆ្នាំ ២០២១។

ទោះជាយ៉ាងណា ភ្លាមៗមូលហេតុនៃការបំផ្ទុះនេះ មិនទាន់​ត្រូវបាន​គេ​ដឹង​នៅឡើយ​ទេ ហើយ​មិនទាន់​មាន​ក្រុម​ណាមួយ​អះអាង​ទទួលខុសត្រូវ​នៅឡើយ​ទេ។ ការស្លាប់​របស់​លោក Haqqani គឺជា​ការ​បាត់បង់​ដ៏​ធំ​មួយ​សម្រាប់​រដ្ឋាភិបាល​តាលីបង់ និង​អាច​នឹង​ប៉ះពាល់​ដល់​ស្ថិរភាព នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕