(កៀវ)៖ យោធាទីក្រុងកៀវ បាននិយាយថា កងទ័ពរុស្ស៉ីបានបំផ្លាញ ឬចាប់យកទីតាំងមួយចំនួនរបស់អ៊ុយក្រែន ដែលស្ថិតនៅក្បែរទីក្រុងភាគខាងកើត Pokrovsk និងជាមជ្ឈមណ្ឌលដឹកជញ្ជូនយុទ្ធសាស្ត្រ មានអណ្តូងរ៉ែធ្យូងថ្មអ៊ុយក្រែនតែមួយគត់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ ២០២៤។

តាម Ukraine's DeepState ដែលជាផែនទីបង្ហាញផ្លូវ ក្រោយបង្កើនល្បឿនវាយលុកអស់ជាច្រើនខែ ដើម្បីឆ្ពោះទៅកាន់ទីក្រុង Pokrovsk កងកម្លាំងរបស់ទីក្រុងមូស្គូឥឡូវនេះ ស្ថិតនៅចម្ងាយតែជិត ៣គីឡូម៉ែត្រប៉ុណ្ណោះ ពីជាយក្រុងភាគខាងត្បូង។ លោក Nazar Voloshyn អ្នកនាំពាក្យយោធាអ៊ុយក្រែន ភូមិភាគខាងកើត បានបញ្ជាក់ថា «លទ្ធផល​នៃ​ការ​ប្រយុទ្ធគ្នា​យូរ​មក​ហើយ ទីតាំងចំនួន​​ពីរ​របស់យើងត្រូវ​បាន​បំផ្លាញ ហើយមួយទៀត​ត្រូវ​​បាត់បង់។ បច្ចុប្បន្ន​ យើងកំពុង​ចាត់​វិធានការ ​ដើម្បីស្តារលទ្ធភាពឡើងវិញ»។ មេបញ្ជាការកំពូលអ៊ុយក្រែន លោក Oleksandr Syrskyi បាននិយាយថា លោកបានចុះទៅសួរសុខទុក្ខកងម៉ារីនមួយ នៅទីក្រុង Pokrovsk ហើយកត់សម្គាល់ឃើញថា ក្រុមទាហានកំពុងប្រឈមការវាយលុករបស់សត្រូវ (រុស្ស៉ី)។

គួរបញ្ជាក់ថា Pokrovsk ដែលស្ថិតនៅចម្ងាយប្រហែល ១៨គីឡូម៉ែត្រពីព្រំប្រទល់រវាងតំបន់ Donetsk និង Dnipropetrovsk គឺជាទីប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុត ក្នុងសង្រ្គាមឈ្លានពានជាង ៣ឆ្នាំរបស់រុស្ស៉ីលើអ៊ុយក្រែន។ ការណ៍ដែលទីក្រុង Pokrovsk នឹងធ្លាក់ទៅក្នុងដៃរុស្ស៉ី វាមានន័យស្មើនឹងការបរាជ័យផ្នែកយោធាដ៏ធំមួយ សម្រាប់ទីក្រុងកៀវ ក្នុងរយៈពេលច្រើនខែ។ Pokrovsk ក៏ជាមជ្ឈមណ្ឌលភស្តុភារដ៏សំខាន់របស់យោធា ហើយមានអណ្តូងរ៉ែផ្គត់ផ្គង់ធ្យូងថ្មក្នុងស្រុកតែមួយគត់ សម្រាប់វិស័យឧស្សាហកម្មដែកអ៊ុយក្រែន៕