(យូអិន)៖ កាលពីថ្ងៃពុធ ទី១១ ខែធ្នូ មហាសន្និបាតនៃអង្គការសហប្រជាជាតិ (UN) បានបោះឆ្នោតគាំទ្រក្នុងសំឡេងលើសលប់ ទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ គ្មានលក្ខណៈ និងជាអចិន្រ្តៃយ៍ សម្រាប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅឯតំបន់ហ្កាហ្សា រួមជាមួយការដោះលែងចំណាប់ខ្មាំង ដែលនៅសល់ទាំងប៉ុន្មានភ្លាមៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
សេចក្តីសម្រេចទាមទារបទឈប់បាញ់ ដែលអនុម័តក្នុងសំឡេងគាំទ្រ រហូតដល់១៥៨សំឡេង ក្នុងចំណោមរដ្ឋជាសមាជិកសរុប១៩៣ គឺលើកនេះត្រូវបានបង្ហាញចេញ ក្នុងភាសាដែលមានលក្ខណៈកាន់តែបន្ទាន់ជាងមុនថែមទៀត បើប្រៀបធៀបទៅនឹងការទទូចឱ្យមាន «ការផ្អាកប្រយុទ្ធគ្នាជាបន្ទាន់ ដើម្បីបុព្វហេតុមនុស្សធម៌» នៅហ្កាហ្សា ដែលមហាសន្និបាត UN បាន «អំពាវនាវ» កាលពីខែតុលា ឆ្នាំ២០២៣ ហើយក្រោយមក បាន «ទាមទារ» នៅខែធ្នូ ឆ្នាំដដែល។
សេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ មិនមានលក្ខណៈបង្ខំឱ្យត្រូវអនុវត្តតាមនោះឡើយ ប៉ុន្តែវាមានទម្ងន់ផ្នែកនយោបាយ ដោយសារឆ្លុះបញ្ចាំងពីទស្សនៈជាសកល ជុំវិញវិបត្តិសង្រ្គាមហ្កាហ្សា។ សហរដ្ឋអាមេរិក អ៉ីស្រាអែល និងប្រទេស ៧ផ្សេងទៀត បានបោះឆ្នោតប្រឆាំងសេចក្តីសម្រេចទាមទារបទឈប់បាញ់នោះ ខណៈប្រទេសចំនួន១៣ បានបោះឆ្នោតក្នុងសំឡេងអនុបវាទ។
គួរបញ្ជាក់ថា សង្រ្គាមហ្កាហ្សាបានផ្ទុះឡើង ក្រោយក្រុមហាម៉ាស បានបញ្ជូនសមាជិករបស់ខ្លួន ឆ្មក់វាយលុកទ្រង់ទ្រាយធំលើ សហគមន៍អ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្សប្រហែល ១២០០នាក់ និងចាប់២៥០នាក់ផ្សេងទៀត យកទៅហ្កាហ្សាធ្វើជាចំណាប់ខ្មាំង។ ជាការសងសឹក យោធាអ៉ីស្រាអែល បានធ្វើសង្រ្គាម ដែលបានសម្លាប់មនុស្សសរុបយ៉ាងហោចជាង ៤៤ ៨០០នាក់ នៅទីនោះ៕