(ហ៊្សេរុយសាឡិម)៖ អ៉ីស្រាអែល និងប៉ាឡេស្ទីន កំពុងបង្ហាញសញ្ញាប្រឹងប្រែង បង្កើតកិច្ចព្រមព្រៀងបទឈប់បាញ់ ទោះបីនៅមានកម្រិតក្តី ប៉ុន្តែវាជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំ ដោយនឹងនាំទៅរកការផ្អាកការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា ហើយនាំចំណាប់ខ្មាំងអ៉ីស្រាអែលត្រលប់ទៅប្រទេសវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ ២០២៤។

ការិយាល័យរដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល បានឱ្យដឹងថា លោករដ្ឋមន្ត្រី Israel Katz បានប្រាប់រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin ក្នុងការជជែកតាមទូរស័ព្ទ កាលពីថ្ងៃពុធសប្តាហ៍នេះថា ឥឡូវឃើញថាមានឱកាសមួយ សម្រាប់កិច្ចព្រមព្រៀងដែលនឹងអនុញ្ញាត ឱ្យមានការវិលត្រឡប់របស់ចំណាប់ខ្មាំងទាំងអស់ រួមទាំងពលរដ្ឋអាមេរិកផងដែរ។

មេទ័ពអ៉ីស្រាអែល និងជាប្រធានសេវាសន្តិសុខផ្ទៃក្នុង Shin Bet បានស្ថិតនៅក្នុងទីក្រុងគែរ កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីការឆ្លងកាត់ព្រំដែន និងការគ្រប់គ្រងតំបន់ហ្កាហ្សាក្រោយសង្គ្រាម។ ថ្មីៗនេះ លោក Netanyahu បានប្រាប់អ្នកសារព័ត៌មានថា ភាពឯកោកាន់តែខ្លាំងរបស់ក្រុមហាម៉ាស បន្ទាប់ពីការដួលរលំនៃរបបប្រធានាធិបតីស៉ីរី លោក Bashar al-Assad បានបើកទ្វារដល់លទ្ធភាពដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ទោះបីជាវាលឿនពេកក្នុងការនិយាយថា វានឹងជោគជ័យក៏ដោយ។

មន្ត្រីប៉ាឡេស្ទីនម្នាក់និយាយថា បច្ចុប្បន្នកំពុងមានការខ្នះខ្នែងចង់បានកិច្ចចរចាជាថ្មី ដោយគំនិតផ្សេងៗបានផុសផុលឡើង ពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងក្នុងចំណោមអ្នកសម្របសម្រួល នៅក្នុងប្រទេសអេហ្ស៉ីប និងកាតា។ តាមអ្នកការទូតលោកខាងលិចម្នាក់ កិច្ចព្រមព្រៀងដែលអាចទៅរួចមួយ ទំនងជាត្រូវបានកំណត់វិសាលភាព ដូចជាការដោះលែងចំណាប់ខ្មាំងមួយចំនួនតូច និងផ្អាកការប្រយុទ្ធគ្នារយៈពេលខ្លី។

គួរបញ្ជាក់ថា សុទិដ្ឋិនិយមនៃកិច្ចព្រមព្រៀង បានលេចឡើងនៅពេលដែល ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan ធ្វើដំណើរទៅអ៉ីស្រាអែល ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្រ្តី លោក Benjamin Netanyahu នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់មកទៅអេហ្ស៉ីប កាតា ដែលជាអ្នកចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការសម្របសម្រួលសង្រ្គាមហ្កាហ្សា៕