(វ៉ាស៉ីនតោន)៖ នាយកប៉ូលិស FBI លោក Chris Wray បាននិយាយថា លោកនឹងលាលែងពីតំណែងនាដើមឆ្នាំក្រោយ ខណៈប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បង្ហាញចេតនាដកមន្ត្រីជើងចាស់រូបនេះចេញពីតួនាទី ហើយតែងតាំងលោក Kash Patel ដែលជាមនុស្សរបស់លោកជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ ២០២៤។
លោក Wray បានប្រាប់ក្រុមការងារ FBI នៅឯជំនួបមួយថា «តាមទស្សនៈខ្ញុំ នេះជាជម្រើសល្អបំផុត ដើម្បីចៀសវាងការទាញ ឱ្យការិយាល័យទាំងមូល ធ្លាក់ទៅក្នុងភាពច្របូកច្របល់ ខណៈដែលការពង្រឹងគុណតម្លៃ និងគោលការណ៍គឺមានសារៈសំខាន់ៗ ចំពោះរបៀបធ្វើការងាររបស់យើង»។ លោក ត្រាំ តាមបណ្តាញផ្សព្វផ្សាយសង្គម Truth Social បានហៅការលាលែង ពីតំណែងរបស់ លោក Wray ថាជាពេលដ៏អស្ចារ្យសម្រាប់អាមេរិក។ លោក ត្រាំ សរសេរទៀតថា «វានឹងបញ្ចប់បែបផែនប្រើប្រាស់អាវុធ ដែលត្រូវបានគេស្គាល់ថា ក្រសួងអយុត្តិធម៌អាមេរិក។ ខ្ញុំគ្រាន់តែមិនដឹងថា មានអ្វីកើតឡើងចំពោះគាត់ (លោក Wray)»។
គួរបញ្ជាក់ថា ការលាលែងពីតំណែងនេះ នឹងធ្វើឱ្យលោក Wray ក្លាយជានាយក FBI ទីពីរដែលត្រូវចាកចេញ ក្នុងអាណត្តិដឹកនាំរបស់លោក ត្រាំ។ កាលពីអាណត្តិដំបូង លោក ត្រាំ ធ្លាប់បណ្តេញនាយកមុនរបស់ FBI គឺលោក James Comey ដោយលើកឡើងពីការស៉ើបអង្កេតរបស់ FBI ជុំវិញទំនាក់ទំនងដែលត្រូវបានចោទប្រកាន់ ក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ ២០១៦ រវាងលោក ត្រាំ ជាមួយរុស្ស៉ី៕