(ប៉េកាំង)៖ នៅថ្ងៃទី ១០ ខែធ្នូ "តារាងពិន្ទុ" ថ្មីបំផុតនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន ត្រូវបានប្រកាស។ តាមទិន្នន័យបង្ហាញឱ្យឃើញថា ក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូលទំនិញសរុបរបស់ប្រទេសចិនមានចំនួន ៣៩,៧៩ ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ៤,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ក្នុងនោះ ការនាំចេញបានកើនឡើង ៦,៧ភាគរយ ការនាំចូលបានកើនឡើង ២,៤ ភាគរយដែលសម្រេចបាននូវកំណើន ប្រកបដោយភាពនឹងនរជាទូទៅ។
បើមើលពីក្របខ័ណ្ឌទូទាំងពិភពលោកអាចឃើញថា សមិទ្ធផលគួរឱ្យកត់សម្គាល់ដែលពាណិជ្ជកម្ម ជាមួយបរទេសរបស់ប្រទេសចិន ទទួលបាននោះ គឺ បានមកដោយមិនងាយទេ។ បច្ចុប្បន្ននេះ ការប៉ះទង្គិចផ្នែកភូមិសាស្ត្រនយោបាយ បានកើតឡើងឥតឈប់ឈរ ហើយការការពារផ្នែកពាណិជ្ជកម្មនៅទូទាំងពិភពលោក មានភាពកាន់តែខ្លាំងឡើងៗ។ ក្នុងនាមជា ការឆ្លុះបញ្ចាំងមួយ នៃសេដ្ឋកិច្ចរបស់ចិន ភាពធន់និងសមិទ្ធផលគួរឱ្យកត់សម្គាល់ នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន បានបញ្ជាក់ថា "ប្រទេសចិនមានជំនឿចិត្តយ៉ាងពេញលេញ ក្នុងការសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ និងបន្តដើរតួនាទីជាក្បាលម៉ាស៊ីនដ៏ធំបំផុត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក"។
បើមើលពីទិន្នន័យជាក់ស្តែងអាចឃើញថា ក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ ការនាំចេញផលិតផលគ្រឿងយន្តនិងអេឡិចត្រូនិក ដែលមានបច្ចេកទេសនិងតម្លៃបន្ថែមខ្ពស់របស់ចិន មានចំនួន ១៣,៧ ទ្រីលានយាន់ប្រាក់ចិនដែលត្រូវជាជិត ៦០ ភាគរយនៃការនាំចេញ។ អ្នកជំនាញបានលើកឡើងថា ស្របពេលដែលប្រទេសចិនពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី "ផលិតផលថ្មីទាំងបី"របស់ប្រទេសចិន ដូចជារថយន្តដើរដោយថាមពលថ្មី ថ្មលីចូមនិងផលិតផលប្រព័ន្ធ PV ជាដើមបានជំរុញកំណើនពាណិជ្ជកម្ម ជាមួយបរទេសឥតឈប់ឈរ ហើយផលិតផលសំខាន់ៗជាប្រពៃណីដូចជា កុងតឺន័រនិងនាវាជាដើម ក៏បានបញ្ចេញកម្លាំងរស់រវើកថ្មីផងដែរដែលធ្វើឱ្យ "ការផលិតដោយតម្រិះប្រាជ្ញាចិន" ទទួលប្រជាប្រិយភាពយ៉ាងខ្លាំង។
ប្រទេសចិនមិនត្រឹមតែបានបញ្ជូននូវផលិតផលដែលមានគុណភាពខ្ពស់ និងតម្លៃថោកសមរម្យដល់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងក៏បានចែករំលែកទីផ្សារធំនិងឱកាសថ្មីរបស់ខ្លួន ជាមួយពិភពលោកតាមរយៈការពង្រីក ការនាំចេញផងដែរ ។ ក្នុង១១ ខែដើមឆ្នាំនេះ បរិមាណនាំចូលផលិតផលថាមពល និងផលិតផលរ៉ែរបស់ប្រទេសចិនបានកើនឡើង ៦,៣ ភាគរយនិង ៤,៣ ភាគរយដោយឡែកពីគ្នា ឯការនាំចូលផលិតផលគ្រឿងយន្ត និងអេឡិចត្រូនិកមានចំនួន ៦,៣៥ ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ៧,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣។
លើសពីនេះទៅទៀត រដ្ឋាភិបាលចិនបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្តាភាគីនានា ក្នុងន័យត្រួសត្រាយទីផ្សារ នៃប្រទេសដែលរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ជាដើម ក៏ដូចជានាំចូលផលិតផល ប្រកបដោយគុណភាពខ្ពស់ ។ ១១ ខែដើមឆ្នាំនេះ ការនាំចេញនាំចូលសរុបរបស់ចិនជាមួយប្រទេស ដែលរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" មានចំនួន ១៨,៧៤ ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ៦ ភាគរយ ក្នុងនោះ ការនាំចូលមានចំនួន ៨,២២ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង ៣,៤ ភាគរយ។
តើសមិទ្ធផលគួរឱ្យកត់សម្គាល់បែបនេះ គឺទទួលបានមកពីណា? បើមើលពីលក្ខខណ្ឌខាងក្រៅអាចឃើញថា បច្ចុប្បន្ននេះ ពាណិជ្ជកម្មទំនិញពិភពលោក បានរក្សានិន្នាការងើបឡើងវិញ ដែលបានមានអំណោយផលដល់ ការងើបឡើងវិញនៃតម្រូវការ។ អ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀត គឺ បើមើលពីក្នុងស្រុកអាចឃើញថា អាស្រ័យដោយកត្តាវិជ្ជមានជាច្រើនដូចជា សេដ្ឋកិច្ចចិនមានសភាពការណ៍ល្អប្រសើរជាទូទៅ មានទីផ្សារធំទូលាយ មានភាពធន់និងសក្ដានុពលខ្លាំង បូករួមទាំងការដើរតួនាទី ជាបន្តបន្ទាប់នៃគោលនយោបាយ និងវិធានការមួយចំនួន របស់រដ្ឋាភិបាលចិន នាពេលថ្មីៗកន្លងទៅនេះ ក៏ដូចជាមុខរបរថ្មីនិងរូបមន្តថ្មី សម្រាប់ជំរុញកំណើនពាណិជ្ជកម្មជាមួយបរទេស បាននិងកំពុងលេចចេញជាបន្តបន្ទាប់។
ពាណិជ្ជកម្មជាមួយបរទេស ត្រូវបានចាត់ទុកថាជា "កញ្ចក់" សម្រាប់ឆ្លុះបញ្ចាំងពីការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសមួយ ។ កំណើនដ៏នឹងនរនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន បានឆ្លុះបញ្ចាំងពីភាពធន់និងភាពរស់រវើក នៃសេដ្ឋកិច្ចចិន ហើយក៏បាននាំមកនូវផលប្រយោជន៍ និងភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោកផងដែរ ។ ក្នុងនាមជា អង្គភាពសេដ្ឋកិច្ចធំទីពីរ និងជាប្រទេសធំទីមួយខាងពាណិជ្ជកម្មទំនិញ លើទូទាំងពិភពលោក ប្រទេសចិនបានគាំពារយ៉ាងខ្លាំងក្លា នូវស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលបានជំរុញឱ្យ ពាណិជ្ជកម្មសកលទទួលការអភិវឌ្ឍ ប្រកបដោយនិរន្តរភាពនិងភាពល្អបរិសុទ្ធ។
ពេលថ្មីៗនេះ គ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ ដូចជាក្រុមហ៊ុន Goldman Sachs ក្រុមហ៊ុន JP Morgan Chase ជាដើមបាននាំគ្នា បង្ហាញពីការមានសុទិដ្ឋិនិយម ចំពោះអនាគត នៃសេដ្ឋកិច្ចរបស់ចិនដោយអះអាងថា រីករាយបន្ត ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅទីផ្សារចិន ។ ព្រមពេលជាមួយគ្នានេះ ដោយយោងទៅលើវិធានការវិជ្ជមានមួយចំនួន ដែលប្រទេសចិនបានដាក់ចេញនាពេលថ្មីៗកន្លងទៅនេះ ស្ថាប័នជាច្រើនបានដំឡើងការប៉ាន់ប្រមាណ ចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ ២០២៤។
ការពិតជាក់ស្តែងបានបញ្ជាក់ថា ការអភិវឌ្ឍរបស់ប្រទេសចិន គឺ មានភាពបើកទូលាយនិងបរិយាបន្ន ហើយប្រទេសចិន បាននិងកំពុងជំរុញការកសាង ប្រព័ន្ធសេដ្ឋកិច្ចពិភពលោកបែបបើកចំហជាបន្តបន្ទាប់ ។ នៅពេលអនាគត ប្រទេសចិននឹងបន្តពង្រីក ការបើកទូលាយចំពោះអន្តរជាតិជាបន្តបន្ទាប់ តភ្ជាប់នឹងក្រឹត្យក្រមខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ដែលមានស្តង់ដារខ្ពស់ ដោយម្ចាស់ការ និងបង្កបង្កើតបរិយាកាស ប្រកបអាជីវកម្មដ៏ល្អប្រសើរ ដើម្បីផ្តល់ឱកាសថ្មីៗកាន់តែច្រើន សម្រាប់ការអភិវឌ្ឍរបស់ បណ្តាប្រទេសនានាលើពិភពលោក ក៏ដូចជាចែករំលែកភាគលាភ នៃការអភិវឌ្ឍកាន់តែច្រើន៕
វិទ្យុមិត្តភាពកម្ពុជាចិន