(ប៉េកាំង)៖ “ការបង្កើតរបាំង និងផ្តាច់ទំនាក់ទំនងនឹងប៉ះពាល់ដល់ ផលប្រយោជន៍របស់អ្នកដទៃ ហើយក៏គ្មានប្រយោជន៍ ដល់ខ្លួនឯងនោះទេ ។ ” ព្រឹកថ្ងៃទី ១០ ខែធ្នូ ខណៈពេលជួបពិភាក្សា ជាមួយអ្នកទទួលខុស ត្រូវរបស់អង្គការសេដ្ឋកិច្ចអន្តរជាតិដ៏សំខាន់ នៅក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបនឹង សំណួរអំពីសេដ្ឋកិច្ចសកលលោក សេដ្ឋកិច្ចចិន និងអភិបាលកិច្ចសេដ្ឋកិច្ចសកលជាដើម។ ព្រមពេលជាមួយគ្នានេះ លោក Xi Jinping ក៏បានអធិប្បាយពីគោលជំហរជាប់ រហូតរបស់ប្រទេសចិន ស្តីពីការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអាមេរិកផងដែរ ដោយបានគូសបញ្ជាក់ថា ការធ្វើសង្គ្រាមពន្ធគយ សង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមវិទ្យាសាស្ត្របច្ចេកទេស គឺល្មើសនឹងចរន្តប្រវត្តិសាស្ត្រ និងក្រឹត្យក្រមសេដ្ឋកិច្ច ហើយគ្មានអ្នកឈ្នះឡើយ។

ក្នុងកិច្ចជំនួប អ្នកទទួលខុសត្រូវរបស់អង្គការសេដ្ឋកិច្ចអន្តរជាតិដ៏សំខាន់ បានកោតសរសើរប្រទេសចិន ដែលជាក្បាលម៉ាស៊ីន និងយុថ្កាដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចសកលលោកជាប់រហូត ជាអ្នកគាំពារយ៉ាងមុតមាំនៃពហុភាគីនិយម ពួកគេរីករាយធ្វើ កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីគាំពារសេរីភាពពាណិជ្ជកម្មនិងសកលភាវូបនីយកម្មសេដ្ឋកិច្ច។ ឥស្សរជនអន្តរជាតិ យល់ឃើញជាទូទៅថា ប្រទេសចិនបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ អំពីការបើកទូលាយនិងកិច្ចសហប្រតិបតិ្តការ ដែលបានបំពេញបន្ថែមជំនឿចិត្តដ៏មានតម្លៃ ដើម្បីគាំពារស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់។

ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទាំងពីរនៅលើសកលលោក ចិននិងអាមេរិកមានឧត្តមភាពរៀងៗខ្លួន ក្នុងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ឧទាហរណ៍ដូចជាអាមេរិក មានសមត្ថភាពយ៉ាងខ្លាំងក្លា ខាងការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្របច្ចេកទេស ការច្នៃប្រឌិតថ្មីនិងធនធានមនុស្ស រីឯប្រទេសចិនវិញ គឺជាប្រទេសដែលមានប្រភេទឧស្សាហកម្ម គ្រប់គ្រាន់ជាងគេ និងមានខ្សែសង្វាក់ឧស្សាហកម្មល្អពេញលេញ ជាងគេតាមស្តង់ដារអង្គការសហប្រជាជាតិ ។ ប្រឈមមុខនឹង ការសាកល្បងរួម ដូចជាកំណើនសេដ្ឋកិច្ចសកល មានភាពទន់ខ្សោយជាដើម ចិននិងអាមេរិកគួរតែចាត់ទុកការអភិវឌ្ឍរបស់គូភាគី ជាកាលានុវត្តភាព តែមិនមែនការប្រឈម គួរតែចាត់ទុកគូភាគីជាដៃគូ មិនមែនជាគូប្រជែងនោះទេ ហើយត្រូវរ៉ាប់រងទំនួលខុសត្រូវ ជាប្រទេសធំ ដើម្បីគាំពារស្ថិរភាពរបស់ ខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល។

អាចឃើញថា ឥស្សរជនមួយចំនួនរបស់អាមេរិក ត្រូវតែគិតពិចារណាដល់ចំណេះដឹងទូទៅផ្នែកសេដ្ឋកិច្ច និងគោរពក្រឹត្យក្រមសេដ្ឋកិច្ច ហើយសហការជាមួយប្រទេសចិន ក្នុងន័យធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សា “ភាពរលូន”នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ នាពេលបច្ចុប្បន្ន ការអភិវឌ្ឍសកលភាវូបនីយកម្មសេដ្ឋកិច្ច ត្រូវមានភាពស៊ីសង្វាក់គ្នាកម្រិតខ្ពស់រវាងឧស្សាហកម្មនៃបណ្តាប្រទេសនានា បណ្តាភាគីនានាក៏អាចទទួលបាន ផលប្រយោជន៍ផងដែរ ។ ប្រការនេះបានបង្ហាញយ៉ាងពេញលេញថា ការបែងចែកតួនាទីនិងកិច្ចសហការជាជម្រើសដ៏ចាំបាច់ នៃការអភិវឌ្ឍសង្គម ដំណើរវិលជុំសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏មិនអាចកាត់ផ្ដាច់ពីកត្តាធាតុផ្សំសំខាន់ៗ ដែលដំណើរការដោយរលូននោះទេ។ ដរាបណាដំណើរវិលជុំនេះរងការរារាំងដោយចេតនា នោះសេដ្ឋកិច្ចសកលនឹងប្រឈមនឹង ហានិភ័យយ៉ាងធ្ងន់ធ្ងរផងដែរ។

តាមពិតទៅ ការដែលអាមេរិកយកពន្ធខ្ពស់ចំពោះទំនិញរបស់ចិន ក៏បានបង្កឱ្យមានផលវិបាកមួយ ពោលគឺពាណិជ្ជកម្មរវាងចិន និងអាមេរិក មានតែឆ្លងតាមរយៈភាគីទីបីដោយខានមិនបាន ដែលបានបន្ថែមដើមទុននៃពាណិជ្ជកម្មសកលលោក ។ យោងតាមការគណនារបស់មន្ទីរសិក្សាស្រាវជ្រាវសេដ្ឋកិច្ច ទូទាំងប្រទេសអាមេរិកបានឱ្យដឹងថា ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២២ រាល់ចំណែកពាណិជ្ជកម្មរបស់អាមេរិកដែលនាំចូលពីចិនធ្លាក់ចុះ១ភាគរយ នោះតម្លៃទំនិញដែលអាមេរិកនាំចូលពីវៀតណាម នឹងឡើងថ្លៃ២ភាគរយ តម្លៃទំនិញដែលអាមេរិកនាំចូល ពីម៉ិកស៊ិកនឹងឡើងថ្លៃ០,៦ភាគរយ ។ ដូច្នេះ អង្គភាពសេដ្ឋកិច្ចធំទាំងពីរ នៅលើសកលោក មានតែរឹតចំណងធ្វើកិច្ចសហប្រតិបតិ្តការ ទើបអាចលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច និងសម្រេចបាន នូវការអភិវឌ្ឍរួម។

ដូចប្រសាសន៍របស់លោក Zhang Yihao អគ្គនាយកប្រតិបតិ្តរងនៃក្រុមហ៊ុនវេជ្ជសាស្ត្រ GE ដែលបានថ្លែងថា មានតែសម្រេចបាននូវការរួមបញ្ចូលគ្នា និងការតភ្ជាប់គ្នា ហាក់ដូចជា “អ្នកនៅក្នុងខ្ញុំ ខ្ញុំនៅក្នុងអ្នក” ទើបអាចរក្សាភាពរលូន នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងទើបអាចប្រែក្លាយខ្សែសង្វាក់ផ្គត់ផ្គង់ទៅជា “ខ្សែសង្វាក់ឈ្នះ-ឈ្នះ”បានដែរ។ ការបិទខ្ទប់គ្មានច្រកចេញទេ ការបើកចំហទើបជាផ្លូវត្រឹមត្រូវ ។ ប្រឈមនឹងការសាកល្បងសកលច្រើនបែបយ៉ាង សហគមន៍អន្តរជាតិរំពឹងទុកជាទូទៅថា ទំនាក់ទំនងរវាងចិននិងអាមេរិកអាចវិវឌ្ឍទៅកាន់ទិសដៅស្ថិរភាព ល្អបរិសុទ្ធនិងនិរន្តរភាព ព្រមនិងដើរតួនាទីដ៏សំខាន់ក្នុងការលំនឹងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ។ ក្នុងនាមជាចំណែកគន្លឹះ ក្នុងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ប្រទេសទាំងពីរចិននិងអាមេរិកមានតែតភ្ជាប់គ្នាទៅវិញទៅមក ទើបអាចផ្តល់ផលប្រយោជន៍ដល់ពិភពលោកបាន៕

វិទ្យុមិត្តភាពកម្ពុជាចិន