(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបពិភាក្សាជាមួយស្តេច Abdullah II នៃប្រទេសហ្ស៊កដានី នៅទីក្រុងសមុទ្រក្រហម Aqaba នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីស្ថានការណ៍នៅស៊ីរី បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលលោក Bashar al-Assad។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Blinken ដែលនឹងធ្វើដំណើរបន្តទៅកាន់ប្រទេសតួកគី បានបង្ហាញក្តីសង្ឃឹមថា ស៊ីរីនឹងមានការផ្លាស់ប្តូរទៅរករដ្ឋាភិបាល ដែលមានលក្ខណៈប្រជាធិបតេយ្យ និងរួមបញ្ចូលគ្រប់ភាគី។ លោកក៏បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់ស៊ីរី ប្រសិនបើរដ្ឋាភិបាលនោះ ប្រកាន់ខ្ជាប់នូវគោលការណ៍គោរពសិទ្ធិមនុស្ស។
ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីការបរទេសរូបនេះក៏បានបញ្ជាក់ពីអាទិភាពរបស់អាមេរិក ក្នុងការធានាសុវត្ថិភាពនៃឃ្លាំងអាវុធគីមី ការផ្តល់ជំនួយមនុស្សធម៌ និងការទប់ស្កាត់អំពើភេរវកម្ម នៅក្នុងប្រទេសស៊ីរី។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកក៏បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសហ្ស៊កដានី ដើម្បីពិភាក្សាអំពីជម្លោះ នៅក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ។
គួរបញ្ជាក់ថា ក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) ដែលសហរដ្ឋអាមេរិកចាត់ទុកថា ជាអង្គការភេរវករបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តួលរំលំរបបលោក Bashar al-Assad នៅស៊ីរី។ ការដួលរលំនេះ បានបញ្ចប់រាជវង្សគ្រួសារ Assad ដែលបានកាន់អំណាចអស់រយៈពេល ៥០ឆ្នាំ និងបានបញ្ចប់សង្រ្គាមស៊ីវិល ដែលអូសបន្លាយអស់រយៈពេល ១៣ឆ្នាំ៕