(ញូយ៉ក)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជាប់ឈ្មោះជា «បុគ្គលប្រចាំឆ្នាំ ឬ Person of the Year) របស់ទស្សនាវដ្ដីអាមេរិក Time កាលពី ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ដោយសារតែឥទ្ធិពលរបស់លោកចំពោះនយោបាយអាមេរិក និងតួនាទីរបស់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងលិខិតមួយទៅកាន់ប្រិយមិត្តអ្នកអានរបស់ខ្លួន និពន្ធនាយកទស្សនាវដ្ដី Time លោក Sam Jacobs បានគូសបញ្ជាក់ដូច្នេះថា «សម្រាប់ការវិលត្រឡប់មកវិញជាប្រវតិ្តសាស្ត្រ សម្រាប់ការជំរុញឱ្យមានការផ្លាស់ប្ដូរនយោបាយពីមួយជំនាន់ទៅមួយជំនាន់ សម្រាប់ការផ្លាស់ប្ដូរតំណែងប្រធានាធិបតី និងការផ្លាស់តួនាទីរបស់សហរដ្ឋអាមេរិក នៅលើពិភពលោក ដូណាល់ ត្រាំ គឺជាបុគ្គលប្រចាំឆ្នាំ២០២៤ របស់ Time (2024 Person of the Year)»។
គួរបញ្ជាក់ថា ទស្សនាវដ្ដី Time កាលពីឆ្នាំ២០១៦ ក៏បានប្រគល់កិត្តិនាម Person of the Year ទៅឱ្យលោក ដូណាល់ ត្រាំ ផងដែរ បន្ទាប់ពីរូបលោកជាប់ឆ្នោតជាប្រធានាធិបតី។ នៅឆ្នាំ២០២០ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស បានជាប់ឈ្មោះជា Person of the Year ក្រោយពួកគេយកឈ្នះលើលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតី។ ចំណែក តារាចម្រៀង Taylor Swift ជាប់ឈ្មោះជា Person of the Year កាលពីឆ្នាំ២០២៣៕