(សេអ៊ូល)៖ មេដឹកនាំគណបក្សប្រឆាំងនៅកូរ៉េខាងត្បូង លោក Lee Jae-myung បាននិយាយនៅថ្ងៃសុក្រ ទី១៣ ខែធ្នូ ថាមធ្យោបាយដ៏ល្អបំផុត ដើម្បីស្ដារសណ្ដាប់ធ្នាប់ឡើងវិញនៅក្នុងប្រទេស នោះគឺ ត្រូវបោះឆ្នោតអនុម័តទម្លាក់លោកប្រធានាធិបតី Yoon Suk Yeol ចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ មានរយៈពេលត្រឹមតែ ៦ប៉ុណ្ណោះ ប៉ុន្តែវាបានបង្កភាពចលាចលនៅក្នុងនយោបាយកូរ៉េខាងត្បូង និងជំរុញឱ្យ មានការអំពាវនាវឱ្យរូបលោកចុះចេញពីតំណែង។ តែទោះជាបែបនេះក្ដី លោក Yoon កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្ដេជ្ញាថានឹងតស៊ូរហូតដល់ទីបញ្ចប់ ហើយបានបន្ទោសលើគណបក្សប្រឆាំងថាមាន ចេតនាធ្វើឱ្យរដ្ឋាភិបាលរបស់ជាប់គាំង។ តែ លោក Lee Jae-myung ជាមេដឹកនាំគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតនៅកូរ៉េខាងត្បូង បានហៅការអត្ថាធិប្បាយរបស់លោក Yoon ថាជា ការប្រកាសសង្រ្គាមប្រឆាំងនឹងប្រជាជន ហើយបង្ហាញកាន់តែច្បាស់ថានីតិវិធីចោទប្រកាន់ដកតំណែងចាំបាច់ត្រូវតែធ្វើឱ្យបានលឿនបំផុត ដ្បិតវាជាមធ្យោបាយតែមួយគត់ ដើម្បីបិទបញ្ចប់ភាពច្របូកច្របល់។
គួរបញ្ជាក់ថា លោក Yoon Suk Yeol បានរួចផុតពីការបោះឆ្នោតដកតំណែង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយសារតែសមាជិកសភាមកពីគណបក្សអំណាចប្រជាជនរបស់លោក Yoon ពហិការចូលរួម ការបោះឆ្នោតនេះ។ ប៉ុន្តែ ឥលូវ មានសមាជិកសភាមួយចំនួនក្នុងបក្សរបស់លោក Yoon បានបង្ហាញជំហរជាសាធារណៈថាពួកគេនឹងបោះឆ្នោតគាំទ្រឱ្យដកតំណែងរបស់លោក ខណៈក្រុមបក្សប្រឆាំងដែល កំពុងគ្រប់គ្រងសភាកូរ៉េខាងត្បូង គ្រោងនឹងរៀបចំការបោះឆ្នោតដកតំណែងលោកប្រធានាធិបតី Yoon ជាលើកទី២ នៅថ្ងៃសៅរ៍ ទី១៤ ខែធ្នូ។ ដើម្បីអាចអនុម័តសំណើដកតំណែងលោក Yoon ក្រុមបក្សប្រឆាំង ត្រូវការសំឡេងពីសមាជិកសភាយ៉ាងហោច ៨រូប មកពីគណបក្សអំណាចប្រជាជន ដើម្បីឱ្យគ្រប់សំឡេង ២ភាគ៣៕