(អង់ការ៉ា)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានទៅដល់ទីក្រុងអង់ការ៉ា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សម្រាប់កិច្ចពិភាក្សាដែលផ្តោតលើទិដ្ឋភាពសំខាន់ នៃការបង្កើតស្ថិរភាពនៅស៉ីរី ចំពេលមានការប៉ះទង្គិចគ្នានៅឯភាគខាងជើងប្រទេស រវាងកងកម្លាំងឃឺដគាំទ្រដោយអាមេរិក និងក្រុមឧទ្ទាមគាំទ្រដោយតួកគី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ ២០២៤។

ទីក្រុងវ៉ាស៉ីនតោន និងទីក្រុងអង់ការ៉ា បានផ្តល់ការគាំទ្ររៀងៗខ្លួនដល់ក្រុមឧទ្ទាមនៅស៉ីរី ក្នុងសង្គ្រាមស៉ីវិលរយៈពេល ១៣ឆ្នាំ ប៉ុន្តែផលប្រយោជន៍ពួកគេបានប៉ះទង្គិចគ្នាគួរឱ្យកត់សម្គាល់ នៅពេលនិយាយដល់កងកម្លាំងប្រជាធិបតេយ្យស៉ីរី ដឹកនាំដោយជនជាតិឃឺដ (SDF)។ SDF គឺជាសម្ព័ន្ធមិត្តដ៏សំខាន់ នៅក្នុងក្រុមចម្រុះរបស់សហរដ្ឋអាមេរិក ប្រឆាំងពួក ISIS។ ក្រុមចម្រុះនេះដឹកនាំដោយកងទ័ពការពារប្រជាជន (YPG) ដែលទីក្រុងអង់ការ៉ាចាត់ទុកជាបក្ខពួកបន្ថែមរបស់ក្រុម PKK ជនជាតិឃឺដ ដែលបានបំពានច្បាប់ និងប្រយុទ្ធជាមួយរដ្ឋតួកគី អស់រយៈពេល ៤០ឆ្នាំ។

ក្នុងពេលជួបលោក Blinken លោក Erdogan អំពាវនាវឱ្យសហគមន៍អន្តរជាតិ ធ្វើការរួមគ្នាលើការកសាងស្ថាប័ននានានៅក្នុងប្រទេសស៉ីរីឡើងវិញ ជាមួយនិងការបញ្ជាក់ថា តួកគីនឹងចាត់វិធានការបង្ការ បញ្ហាសន្តិសុខជាតិប្រឆាំងអង្គការដែលខ្លួនចាត់ទុកជាភេរវករ។ រីឯ លោក Blinken បានកត់សម្គាល់ពីចំណាប់អារម្មណ៍រួម របស់សហរដ្ឋអាមេរិក និងតួកគី ក្នុងការគាំទ្រដំណើរការផ្ទេរអំណាចដឹកនាំនៅស៉ីរី ឱ្យទៅរដ្ឋាភិបាលដែលមានគណនេយ្យភាព និងរួមបញ្ចូលគ្នា។ លោក Blinken ក៏បានលើកឡើងផងដែរពីតម្រូវការធានា ឱ្យកម្លាំងចម្រុះសម្រាប់កម្ចាត់​ក្រុម ISIS ​​អាច​បន្ត​អនុវត្ត​បេសកកម្ម​​របស់​ខ្លួនបាន។

គួរបញ្ជាក់ថា នេះការធ្វើដំណើរលើកដំបូងរបស់ លោក Blinken ទៅកាន់តំបន់មជ្ឈិមបូព៌ា ចាប់តាំងពីរដ្ឋាភិបាលលោក Bashar al-Assad ដួលរលំ។ លោក Blinken ត្រូវជួបរដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan នៅថ្ងៃសុក្រនេះ៕