(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាននិយាយថា ប៉េកាំងយល់ស្របជាមួយអេហ្ស៉ីប ដែលថាប្រទេសទាំងពីរ គួរតែលើកកម្ពស់សន្តិភាព និងកិច្ចចរចាដើម្បីសម្រេចបាន នូវស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ ២០២៤។

ការកត់សម្គាល់របស់ លោក Wang ធ្វើឡើងនៅក្នុងជំនួបជាមួយ រដ្ឋមន្រ្តីការបរទេសអេហ្ស៉ីប លោក Badr Abdelatty ក្នុងទីក្រុងប៉េកាំង នៅថ្ងៃសុក្រនេះ។ លោក Wang និយាយថា ប្រទេសទាំងពីរមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពបច្ចុប្បន្ននៅស៉ីរី ហើយអំពាវនាវឱ្យមាន ការគោរពអធិបតេយ្យភាពប្រទេស ឯករាជ្យភាព និងបូរណភាពទឹកដី។

តាមលោក Wang ចិន និងអេហ្ស៉ីបក៏សាទរផងដែរ ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់មួយ រវាងអ៉ីស្រាអែល និងក្រុមហេសបូឡា នៅលីបង់។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសអេហ្ស៉ីប កំពុងស្ថិតនៅទីក្រុងប៉េកាំង នៃប្រទេសចិន ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ សម្រាប់កិច្ចសន្ទនាជាយុទ្ធសាស្រ្ត៕