(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃសុក្រនេះបានសម្រេចតែងតាំងលោក Francois Bayrou ដែលជាសម្ព័ន្ធមិត្តចាស់វស្សា និងជាអ្នកនយោបាយនិយមកណ្តាល ជានាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីរដ្ឋាភិបាលលោក Michel Barnier ត្រូវបានទម្លាក់ដោយសភាកាលពីសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
អាទិភាពចម្បងរបស់លោក Francois Bayrou ក្នុងនាមនាយករដ្ឋមន្រ្តីថ្មីរបស់បារាំង គឺត្រូវអនុម័តច្បាប់ពិសេសមួយ ដើម្បីពង្រីកថវិកា ឆ្នាំ២០២៤។ ការងារនេះនឹងមានការលំបាក ដោយសារតែមានការប្រឆាំងតវ៉ាយ៉ាងខ្លាំងនៅក្នុងសមាជិកសភា ដែលបាននាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលមុន ដែលដឹកនាំដោយលោក Michel Barnier។
លោក Bayrou ដែលមានអាយុ ៧៣ ឆ្នាំ ទំនងជានឹងប្រកាសបញ្ជីរដ្ឋមន្ត្រីរបស់លោក នៅក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែ លោកអាចនឹងជួបប្រទះបញ្ហាក្នុងការរក្សាអំណាច ដោយសារសភាមានការបែងចែកជាបីក្រុម ខណៈដែលលោកក៏មានទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រធានាធិបតី ដែលមិនសូវប្រជាប្រិយភាពខ្លាំងផងនោះ។
គួរបញ្ជាក់ថា ការតែងតាំងនេះ ធ្វើឡើងបន្ទាប់ពីសមាជិកសភាបារាំង បានបោះឆ្នោតដកទំនុកចិត្តពីរដ្ឋាភិបាលលោក Barnier កាលពីសប្តាហ៍មុន ដែលជាលទ្ធផលនៃការខ្វែងគំនិតគ្នា ជុំវិញច្បាប់ថវិកាឆ្នាំ ២០២៥។ ការតែងតាំងលោក Bayrou នេះ ក៏បានបង្កើតការចាប់អារម្មណ៍ និងប្រតិកម្មផ្សេងៗគ្នា ខណៈដែលគណបក្សស្តាំនិយមជ្រុល បានអះអាងថាខ្លួននឹងមិនបោះឆ្នោតដកទំនុកចិត្ត ប្រឆាំងនឹងលោក Bayrou នៅពេលនេះទេ៕