(ដូហា)៖ អំឡុងពេលដែលចិនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ី ឬ Asian Games លើកទី១៩ កាលពីខែកញ្ញា ឆ្នាំ២០២៣ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទទួលស្វាគមន៍យ៉ាងរាក់ទាក់មេដឹកនាំស៊ីរី លោក បាស្ហា អាល់អាសាដ (Bashar al-Assad) ដែលបានបំពេញទស្សនកិច្ចក្នុងទីក្រុង Hangzhou។ នៅពេលនោះ លោក ស៊ី ជីនពីង និងលោក អាសាដ បានបើកកិច្ចប្រជុំជាទីដែលចិន និងស៊ីរីចុះកិច្ចព្រមព្រៀងមួយ ដែលប្រទេសទាំង២ ហៅថា «ភាពជាដៃគូយុទ្ធសាស្ត្រ»។
ប៉ុន្តែ មួយឆ្នាំក្រោយមកបានបន្តិច ភាពជាដៃគូនេះត្រូវបានក្រុមអ្នកវិភាគមើលឃើញថាទំនងអាចនឹងក្លាយជាក្រដាសសមួយសន្លឹក នៅបន្ទាប់ពីក្រុមសម្ព័ន្ធឧទ្ទាមស៊ីរីដឹកនាំដោយក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) វាយដណ្ដើមកាន់កាប់រដ្ឋធានីដាម៉ាស កាលពីថ្ងៃទី៨ ខែធ្នូ ជាថ្ងៃដែលរបបដឹកនាំលោក អាសាដ ដួលរលំ ហើយអតីតប្រធានាធិបតីស៊ីរីរូបនេះត្រូវរត់ទៅរស់នៅជ្រកកោននៅរុស្ស៉ី។ ចាប់តាំងពីពេលនោះមក ចិនមាន ការប្រុងប្រយ័ត្នយ៉ាងខ្លាំង នៅក្នុងការឆ្លើយតបរបស់ខ្លួនទៅនឹងការផ្លាស់ប្ដូរស្ថានការណ៍យ៉ាងលឿនរហ័សក្នុងប្រទេសស៊ីរី។ កាលពីថ្ងៃទី៩ ខែធ្នូ ក្រសួងការបរទេសចិនបាននិយាយថា «គួរតែមានដំណោះស្រាយនយោបាយ មួយនៅស៊ីរីឱ្យបានឆាប់តាមដែនអាចធ្វើទៅបាន ដើម្បីស្ដារស្ថិរភាពឡើងវិញ»។ បើតាមក្រុមអ្នកវិភាគ ការដួលរលំនៃរបបដឹកនាំលោក អាសាដ ប្រាកដណាស់គឺបង្កផលប៉ះពាល់ដល់ចិន ក្នុងពេលដែលប៉េកាំងកំពុងព្យាយាម ពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់មជ្ឈិមបូព៌ា។ ដូច្នេះតើទំនាក់ទំនងរបស់ចិនជាមួយស៊ីរី នឹងប្រែប្រួលទៅជាយ៉ាងណា នៅក្រោមរបបដឹកនាំថ្មីក្នុងទីក្រុងដាម៉ាស?
* តើចិនធ្លាប់មានទំនាក់ទំនងបែបណាជាមួយលោក អាសាដ?
ជាលក្ខណៈផ្លូវការ ចិនមិនបានបង្ហាញឱ្យគេឃើញថាខ្លួនប្រកាន់ជំហរឈរនៅខាងភាគីណាមួយឡើយ ពាក់ព័ន្ធនឹងទិសដៅអនាគតរបស់ស៊ីរី ចាប់តាំងពីការដួលរលំរបបលោក អាសាដមក។ «អនាគត និងជោគវាសនារបស់ ស៊ីរី គឺប្រជាជនស៊ីរីខ្លួនឯងជាអ្នកសម្រេច ហើយយើងសង្ឃឹមថាភាគីពាក់ព័ន្ធទាំងអស់នឹងស្វែងរកដំណោះស្រាយនយោបាយមួយ ដើម្បីស្ដារស្ថិរភាព និងសណ្ដាប់ធ្នាប់ឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ នេះជា ការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning នៅឯសនិ្នសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃទី៩ ខែធ្នូ។ តែទោះជាយ៉ាងណា ខណៈចិនមិនបានធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ ដូចជាអ៉ីរ៉ង់ និងរុស្ស៉ី ក៏ទំនាក់ទំនងរវាងប៉េកាំង និងដាម៉ាស មានលក្ខណៈល្អប្រសើរដែរ ពេលលោក អាសាដ នៅកាន់អំណាច ហើយថែមទាំងកាន់តែល្អប្រសើរឡើងទៀតផង។ ដំណើរទស្សនកិច្ចរបស់លោក អាសាដ ក្នុងទីក្រុង Hangzhou គឺជា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងបំផុតរបស់មេដឹកនាំស៊ីរីទៅកាន់ប្រទេសចិន ក្នុងរយៈពេលជិត២ទសវត្សរ៍មកនេះ។ អំឡុងទស្សនកិច្ចនេះ ចិនបានសន្យាថានឹងជួយលោក អាសាដ ក្នុងការកសាងប្រទេសស៊ីរីឡើងវិញ ក្រោយ ត្រូវបានខ្ទេចខ្ទាំដោយសារសង្រ្គាមជាងមួយទសវត្សរ៍មកនេះ និងចំពេលដែលលោក អាសាដ កំពុងឯកោនៅលើឆាកអន្តរជាតិ។
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោកប្រធានាធិបតី ស៊ី ជីនពីង ថែមទាំងបានប្រាប់ក្នុងពេលជួបលោក អាសាដ នៅទីក្រុង Hangzhou ទៀតផងថាប្រឈមមុខនឹងស្ថានការណ៍ពិភពលោកពោរពេញដោយភាពមិនច្បាស់លាស់ ចិន នឹងបន្តធ្វើការរួមគ្នាជាមួយស៊ីរី គាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំ ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការមិត្តភាព ព្រមទាំងរួមគ្នាការពារយុត្តិធម៌ និងភាពត្រឹមត្រូវនៅលើពិភពលោក»។ លោក ស៊ី ជីនពីងបានបន្តថាទំនាក់ទំនង រវាងចិន និងស៊ីរី នៅតែមានភាពរឹងមាំ ទោះស្ថានការណ៍អន្តរជាតិមានការប្រែប្រួលក៏ដោយ។
មិនតែប៉ុណ្ណោះ ចិនបានប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួន នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយ៉ាងហោច ១០លើក ដើម្បីរាំងខ្ទប់ដំណោះស្រាយរិះគន់ ឬដាក់ទណ្ឌកម្មលោក អាសាដ។ ជាឧទាហរណ៍៖ កាលពីខែកក្កដា ឆ្នាំ២០២០ រុស្ស៉ី និងចិន បានបោះឆ្នោតវេតូលើសេចក្ដីព្រាងដំណោះស្រាយមួយដែលចង់ពង្រីកការប្រគល់ជំនួយចេញពីតួកគី ទៅកាន់ស៊ីរី។ ទាំងចិន និងរុស្ស៉ី បានអះអាងថាខ្លួនបានបោះឆ្នោតវេតូ នោះក៏ដោយសារតែ ការធ្វើបែបនេះជាទង្វើបំពានអធិបតេយ្យស៊ីរី ហើយថាការចែកចាយជំនួយគួរតែត្រូវបានធ្វើឡើងដោយអាជ្ញាធរស៊ីរីខ្លួនឯង។
* ចិនចាយលុយយ៉ាងច្រើននៅស៊ីរី
ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ ចិនបានបង្កើនការផ្ដល់ជំនួយហិរញ្ញវត្ថុសម្រាប់ស៊ីរី ជាសញ្ញាមួយបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះរបបលោក អាសាដ។ កាលពីខែធ្នូ ឆ្នាំ២០១៦ រដ្ឋាភិបាលស៊ីរីបានទទួលជ័យជម្នះលើក្រុមឧទ្ទាម ក្រោយដណ្ដើមបានទីក្រុង Aleppo។ បើតាម Center for Operational Analysis and Research ឬហៅកាត់ថា COAR មានមូលដ្ឋានក្នុងប្រទេសស៊ីប ជ័យជម្នះរបស់រដ្ឋាភិបាលលោក អាសាដ បានបង្ហាញពីចំណុចរបត់មួយ នៅក្នុងជំនួយយុទ្ធសាស្ត្ររបស់ចិន។ មជ្ឈមណ្ឌលនេះដដែលបានឱ្យដឹងថាជំនួយរបស់ចិនសម្រាប់ស៊ីរី បានកើនឡើង ១០០ដង ពោលគឺកើនឡើងពីជិត ៥០០ ០០០ដុល្លារ ក្នុងឆ្នាំ២០១៦ ដល់៥៤លានដុល្លារក្នុងឆ្នាំ២០១៧។ នៅខែតុលា ឆ្នាំ២០១៨ ចិនបានបរិច្ចាគម៉ាស៊ីនភ្លើង ៨០០គ្រឿងទៅឱ្យទីក្រុង Latakia ដែលជាទីក្រុងកំពង់ផែធំបំផុតរបស់ស៊ីរី។
ប៉េកាំងក៏បានវិនិយោគដ៏សំខាន់ និងយូរអង្វែងលើវិស័យប្រេង និងឧស្ម័នរបស់ស៊ីរីផងដែរ គិតជាទឹកប្រាក់ស្មើនឹង ៣ពាន់លានដុល្លារ។ កាលពីឆ្នាំ២០០៨វិញ ក្រុមហ៊ុនប្រេងចិន Sinopec International Petroleum Exploration and Production Corporation បានទិញយកក្រុមហ៊ុន Tanganyika Oil មានមូលដ្ឋានក្នុងទីក្រុង Calgary ប្រទេសកាណាដា ក្នុងតម្លៃជាង ២ពាន់លានដុល្លារ។ ក្រុមហ៊ុន Tanganyika មានកិច្ចព្រមព្រៀងផលិតរួមគ្នាជាមួយស៊ីរី និងបានកាន់កាប់ប្រតិបត្តិការរុករកប្រេងមួយចំនួននៅស៊ីរី។ នៅឆ្នាំ២០០៩ ក្រុមហ៊ុនរដ្ឋចិន Sinochem បានទិញយកក្រុមហ៊ុនរុករកប្រេង និងឧស្ម័នអង់គ្លេស Emerald Energy ដែលធ្វើប្រតិបត្តិការនៅស៊ីរី ក្នុងតម្លៃ ៨៧៨លានដុល្លារ ហើយនៅឆ្នាំ២០១០ ក្រុមហ៊ុនចិន China National Petroleum Corporation (CNPC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន Shell ដើម្បីទិញភាគហ៊ុន ៣៥ភាគរយនៅក្រុមហ៊ុនជា បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shell នៅស៊ីរី។ លើសពីនេះទៅទៀត កាលពីដើមឆ្នាំ២០២៤នេះ រដ្ឋមន្ត្រីអគ្គិសនីរបស់ស៊ីរី លោក Ghassan Al-Zamel បានទទួលស្គាល់ពីការចុះកិច្ចព្រមព្រៀងទំហំ៤០លានដុល្លារ ជាមួយក្រុមហ៊ុនមួយរបស់ចិន ដើម្បីសាងសង់រោងចក្រផលិតផ្ទាំងសូឡាដ៏ធំមួយ នៅក្បែរទីក្រុង Homs ស្ថិតនៅភាគខាងលិចប្រទេសស៊ីរី។
ក្នុងឆ្នាំ២០២២ ស៊ីរី ក៏បានចូលរួមផងដែរក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) ក្រោមគម្រោងអភិវឌ្ឍបណ្ដាញផ្លូវហាយវ៉េ កំពង់ផែ និងផ្លូវដែកដែលចិនកំពុងសាងសង់ ដើម្បីតភ្ជាប់តំបន់អាស៊ីទៅកាន់អាហ្វ្រិក អឺរ៉ុប និងអាមេរិកឡាទីន។
* ដូច្នេះតើស្ថានការណ៍នៅស៊ីរី បង្កផលប៉ះពាល់អ្វីខ្លះដល់ចិន?
លោក William Matthews ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់សម្រាប់កម្មវិធីអាស៊ីប៉ាស៊ីហ្វិក មកពីវិទ្យាស្ថាន Chatham House មានមូលដ្ឋានក្នុងទីក្រុងឡុងដ៏ យល់ថាសម្រាប់ចិន ការដួលរលំនៃរបបលោក អាសាដ គឺជាការបាត់បង់ ដៃគូការទូតមួយ។ លោកបន្ថែមថាខណៈក្រុមឧទ្ទាម HTS ប្រហែលជាគ្មានបំណងធ្វើការជាមួយចិនក្នុងនាមជាដៃគូជិតសិ្នទ្ធក៏ដោយ ក៏ចិនទំនងជានឹងព្យាយាមរក្សាទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មីណាមួយរបស់ស៊ីរី ក្នុងនោះរួមមាន ទាំងរង់ចាំចាប់យកឱកាសដើម្បីធ្វើកិច្ចសហប្រតិបត្តិការ។ លោក Matthews ពន្យល់ថាការចូលរួមរបស់ចិនជាមួយក្រុមតាលីបង់ នៅអាហ្វហ្កានីស្ថានអាចយកមកប្រៀបធៀបបាន ប៉ុន្តែគេក៏មិនទាន់អាចធ្វើការសន្និដ្ឋានជាក់លាក់ បានដែរ។ កាលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋាភិបាលលោក ស៊ី ជីនពីងបានក្លាយជារដ្ឋាភិបាលដំបូងគេដែលទទួលស្គាល់អ្នកការទូតតាលីបង់ម្នាក់ ចាប់តាំងពីតាលីបង់ ត្រឡប់មកកាន់អំណាចឡើងវិញកាលពីឆ្នាំ២០២១។ ខណៈគ្មានប្រទេសណាមួយទទួលស្គាល់រដ្ឋាភិបាលអាហ្វហ្កានីស្ថានដឹកនាំដោយតាលីបង់ ទីក្រុងប៉េកាំងបានទទួលស្គាល់លោក Bilal Karimi ជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសចិន។ រហូតដល់ឆ្នាំ២០២៣ ក្រុមហ៊ុនចិនជាច្រើនបាន ចុះហត្ថលេខារកស៊ីជាមួយរដ្ឋាភិបាលតាលីបង់។
បើតាមលោក Matthews ដោយសារតែចិនបានប្រកាន់យកយុទ្ធសាស្ត្រប្រយ័ត្នប្រយែងចំពោះការវិនិយោគនៅក្រៅប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ចិនអាចនឹងគណនាយ៉ាងល្អិតល្អន់ពីហានិភ័យនៃអស្ថិរភាព និងរកឱកាស ដើម្បីបង្កើនឥទ្ធិពលរយៈពេលវែង។ លោកបន្ថែមថាការដួលរលំនៃរបបលោក អាសាដ បង្កជាបញ្ហាប្រឈមមួយសម្រាប់ចិន នោះក៏ដោយសារតែចិនមានប្រយោជន៍កាន់តែច្រើនឡើង នៅក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងនាមជាដៃគូសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំងក្នុងវិស័យបច្ចេកវិទ្យា និងការពារជាតិ។
គួរបញ្ជាក់ថា បើតាមលោក Matthews ជាផលវិបាកមួយដ៏សំខាន់សម្រាប់ចិន នោះគឺហានិភ័យដែលការដួលរលំនៃរបបលោក អាសាដ បង្កអស្ថិរភាពបន្ថែមនៅក្នុងតំបន់ ឬការផ្ទុះរាលដាលជម្លោះចូលទៅក្នុងបណ្ដាប្រទេស ដែលជាអ្នកជិតខាងរបស់ចិន៕