(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នឹងត្រូវប្រឈមមុខនឹងការបោះឆ្នោតដកតំណែងនៅឯសភាជាលើកទី២ នៅថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ជុំវិញការប៉ុនប៉ងដាក់ ឱ្យប្រើច្បាប់អាជ្ញាសឹករបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Yoon បានប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ តែច្បាប់នេះត្រូវបានលុបចោលទៅវិញ បន្ទាប់ពីមានការប្រឆាំងជំទាស់ពីសភា។ ប៉ុន្តែវិបត្តិច្បាប់អាជ្ញាសឹកនេះ បានធ្វើឱ្យនយោបាយកូរ៉េខាងត្បូងធ្លាក់ក្នុងភាពចលាចល ហើយជំរុញឱ្យមានការអំពាវនាវឱ្យលោក Yoon ចុះចេញពីតំណែងកាន់តែច្រើនឡើង។ ក្រុមគណបក្សប្រឆាំងគ្រោងនឹងរៀបចំ ការបោះឆ្នោតដកតំណែងលោក Yoon នៅម៉ោង៤រសៀល ថ្ងៃសៅរ៍នេះ (ម៉ោងនៅសេអ៊ូល)។ គណបក្សអំណាចប្រជាជន (PPP) ដែលជាបក្សកាន់អំណាចរបស់លោក យូន បាន ពហិការចូលរួមក្នុងការបោះឆ្នោតកាលពីលើកទី១ ដើម្បីទុកឱ្យលោក Yoon លាលែងចេញពីតំណែងដោយខ្លួនឯង។
តែលោក Yoon បានប្ដេជ្ញាថានឹងតស៊ូរហូតដល់ទីបញ្ចប់ ហើយចាប់តាំងពីពេលនោះមកដែរ មេដឹកនាំ PPP លោក Han Dong-hoon បានជំរុញឱ្យសមាជិកក្នុងបក្សបោះឆ្នោតគំាទ្រ លើសំណើដកតំណែងលោកប្រធានាធិបតីនៅថ្ងៃសៅរ៍នេះ ខណៈយ៉ាងហោចមានសមាជិកបក្ស PPP ៧រូប បាននិយាយថាពួកគេនឹងបោះឆ្នោតគាំទ្រឱ្យដកតំណែងលោក Yoon។
គួរបញ្ជាក់ថា ក្រុមគណបក្សប្រឆាំងកំពុងគ្រប់គ្រងសភាកូរ៉េខាងត្បូង ដោយមានអាសនៈនៅក្នុងដៃ ១៩២ ក្នុងចំណោមអាសនៈសរុប៣០០។ ដើម្បីអាចទម្លាក់លោក Yoon បាន ពួកគេ ត្រូវការសំឡេងគាំទ្រ ២ភាគ៣ ដែលនេះមានន័យថាចាំបាច់ត្រូវតែមានការគំាទ្រពីសមាជិកបក្ស PPP យ៉ាងហោច ៨រូប៕