(Reuters)៖ ក្រុមមន្ត្រីរុស្ស៉ី បានឱ្យដឹងថាដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារលើឃ្លាំងស្ដុកប្រេងមួយកន្លែង ស្ថិតនៅតំបន់ Oryol នៃភាគកណ្ដាលប្រទេសរុស្ស៉ី ដោយបណ្ដាលឱ្យមាន អគ្គិភ័យឆាបឆេះ និងផ្ទះមួយចំនួននៅក្បែរខាងរងការខូចខាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អភិបាលតំបន់ Oryol លោក Andrei Klychkov នៅថ្ងៃសៅរ៍ ទី១៤ ខែធ្នូ បានបញ្ជាក់ទៀតថាការវាយប្រហារទ្រង់ទ្រាយធំមួយលើឃ្លាំងស្ដុកប្រេងមួយកន្លែងបានបង្កជាអគ្គិភ័យ ហើយ បំណែករបស់ដ្រូនដែលត្រូវបានបាញ់ទម្លាក់ បានធ្លាក់ចំបង្អូចផ្ទះមួយចំនួន។ ដោយឡែក វីដេអូមួយបង្ហោះលើប្លុកយោធាអ៊ុយក្រែន បានបង្ហាញពីអគ្គិភ័យឆាបឆេះនៅឯឃ្លាំងស្ដុកប្រេង មួយកន្លែង។ ប៉ុន្តែ ខាង Reuters មិនទាន់អាចផ្ទៀងផ្ទាត់ព័ត៌មាននេះបាននៅឡើយទេ។
គួរបញ្ជាក់ថា ការវាយប្រហារដោយដ្រូន ក៏ត្រូវបានរាយការណ៍នៅឯតំបន់ផ្សេងទៀតរបស់រុស្ស៉ីផងដែរ។ ក្នុងនោះអភិបាលតំបន់ Krasnodar លោក Vladimir Kondratyev បាននិយាយថាប្រព័ន្ធការពារដែនអាកាសបានបាញ់កម្ទេចដ្រូនអ៊ុយក្រែនជាច្រើនគ្រឿង ដោយមិនមាននរណាម្នាក់រងរបួសនោះទេ៕