(វ៉ាស៊ីនតោន)៖ ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យបាននិយាយថាវាដូចជាលឿនពេក ហើយដើម្បីពិចារណាលើការដកទណ្ឌកម្ម ពីស៊ីរី បន្ទាប់ពីការដួលរលំនៃរបបដឹកនាំលោកប្រធានាធិបតី Bashar al-Assad ដែលនេះជាសញ្ញាមួយបង្ហាញថាទីក្រុងវ៉ាស៊ីនតោនទំនងជានឹងមិនផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួន ភ្លាមៗនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងប្រាប់ Reuters លោក Jim Risch ជាសមាជិកព្រឹទ្ធសភាជាន់ខ្ពស់ម្នាក់នៃគណបក្សសាធារណរដ្ឋ មកពីគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាមេរិក បានគូសបញ្ជាក់ ដូច្នេះថា «យើងទាំងអស់គ្នា ពិតជារីករាយដែលរបប Assad រលំរលាយ...តែបញ្ហា នោះគឺថាតើនឹងមានអ្វីកើតឡើងបន្ទាប់ទៀត»។ លោកបន្ថែមថាខណៈមេដឹកនាំក្រុមឧទ្ទាមបានធ្វើ សេចក្ដីថ្លែងការណ៍ជាច្រើនអំពីសាមគ្គីភាព និងសិទ្ធិមនុស្ស គេត្រូវរង់ចាំមើលសិនថាតើក្រុមឧទ្ទាមអាចធ្វើបានតាមអ្វីដែលពួកគេបាននិយាយ ដែរឬក៏អត់?

គួរបញ្ជាក់ថា ក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) ដែលបានដឹកនាំសម្ព័ន្ធក្រុមឧទ្ទាមស៊ីរី វាយផ្ដួលរំលំរបបដឹកនាំលោក Assad កាលពីសប្ដាហ៍មុន ត្រូវបានសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច ចាត់ទុកជាអង្គការភេរវកម្ម ហើយក្រុមឧទ្ទាមនេះក៏ជាប់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិផងដែរ៕