(វីយែន)៖ រដ្ឋាភិបាលអូទ្រីស កាលពីថ្ងៃសុក្រ ទី១៣ ខែធ្នូ បានប្រកាសផ្ដល់ប្រាក់លើកទឹកចិត្ត ១០០០អឺរ៉ូ ឬ១០៥០ដុល្លារ សម្រាប់ជនភៀសខ្លួនស៊ីរីទាំងឡាយណាដែលមានបំណង ត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេ ក្រោយការដួលរលំនៃរបបដឹកនាំលោក Bashar al-Assad។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អធិការបតីអូទ្រីស លោក Karl Nehammer បានបញ្ចេញប្រតិកម្មភ្លាមៗចំពោះការដួលរលំនៃរបបដឹកនាំលោក Assad កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ដោយនិយាយថាស្ថានភាពសន្តិសុខ នៅក្នុងប្រទេសស៊ីរីគួរតែត្រូវបានវាយតម្លៃ ដើម្បីអាចឱ្យជនភៀសខ្លួនស៊ីរីវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក Nehammer បានសរសេរថា «អូទ្រីសនឹងគាំទ្រដល់ជនជាតិស៊ីរីដែលមានបំណងត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ ជាមួយការផ្ដល់ប្រាក់រង្វាន់១០០០អឺរ៉ូ។ ស៊ីរីបច្ចុប្បន្នកំពុង ត្រូវការពលរដ្ឋរបស់ខ្លួនដើម្បីកសាងប្រទេសជាតិឡើងវិញ»

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ រដ្ឋាភិបាលអូទ្រីសបានបញ្ជាក់ថាខ្លួននឹងផ្តោតលើការស្ម័គ្រចិត្តធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនស៊ីរី តែព្រមពេលជាមួយគ្នា បានបញ្ឈប់ការទទួល យកពាក្យសុំសិទ្ធិជ្រកកោនរបស់ជនភៀសខ្លួនស៊ីរី ដូចដែលប្រទេសអឺរ៉ុបជាច្រើនទៀតបានធ្វើដូចគ្នានេះដែរ៕