(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ប្រធានាធិបតីជាប់ឆ្នោតនៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសឱ្យដឹងថា លោកជ្រើសរើសលោក Richard Grenell ដែលជាអតីតនាយកស៉ើបការណ៍សម្ងាត់របស់លោក សម្រាប់តំណែងជាបេសកជនរបស់ប្រធានាធិបតី ទទួលបន្ទុកបេសកកម្មពិសេស ជាតួនាទីមួយដែលនឹងផ្តោតលើ ការជំរុញគោលនយោបាយ ពាក់ព័ន្ធជាមួយគូបដិបក្ខមួយចំនួនរបស់ទីក្រុងវ៉ាស៉ីនតោន រួមមានទាំងកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងសេចក្តីប្រកាសខាងលើ លោក ត្រាំ បាននិយាយថា លោក Richard នឹងបំពេញបេសកកម្មពាក់ព័ន្ធបញ្ហាក្តៅៗ នៅជុំវិញពិភពលោក រួមបញ្ចូលទាំងវ៉េណេស៊ុយអេឡា និងកូរ៉េខាងជើង ដែលជាគូបដិបក្ខរបស់សហរដ្ឋអាមេរិក។ លោក Grenell ធ្លាប់កាន់តួនាទីជា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអាល្លឺម៉ង់, ជាបេសកជនពិសេសប្រធានាធិបតី ទទួលបន្ទុកកិច្ចចរចាសន្តិភាព រវាងស៊ែប៊ីនិងកូសូវ៉ូ និងជានាយកស៉ើបការណ៍សម្ងាត់ជាតិស្តីទី អំឡុងអាណត្តិកាន់អំណាចឆ្នាំ២០១៧-២០២១ របស់លោក ត្រាំ។
ក្រោយជួយឃោសនាឱ្យលោក ត្រាំ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ថ្ងៃទី៥ ខែវិច្ឆិកា លោក Grenell បានក្លាយជា ជម្រើសនាំមុខសម្រាប់តំណែងរដ្ឋមន្រ្តីការបរទេស ប៉ុន្តែក្រោយមកក៏បានទៅ សមាជិកព្រឹទ្ធសភា លោក Marco Rubio។ មិនតែប៉ុណ្ណោះ លោក Grenell ក៏ត្រូវបានពិចារណា សម្រាប់តួនាទីបេសកជនពិសេស សម្រាប់វិបត្តិសង្រ្គាមអ៊ុយក្រែនផងដែរ ប៉ុន្តែតួនាទីនោះ បានទៅឧត្តមសេនីយ៍ចូលនិវត្តន៍ លោក Keith Kellogg វិញ។
គួរបញ្ជាក់ថា លោក ត្រាំ នឹងស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយ។ នៅសហរដ្ឋអាមេរិក ប្រធានាធិបតី តែងតាំងបេសកជនប្រធានាធិបតី និងបេសកជនពិសេស ដើម្បីផ្តោតទៅលើបញ្ហាពិភពលោក វិបត្តិផ្សេងៗ ឬកិច្ចប្រឹងប្រែងការទូតជាក់លាក់ណាមួយ៕