(លីបង់)៖ មេដឹកនាំក្រុមហេសបូឡាលីបង់ លោក Naim Qassem បាននិយាយកាលពីថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ថា ក្រុមសកម្មប្រយុទ្ធ ដែលគាំទ្រដោយអ៉ីរ៉ង់មួយនេះ លែងអាចទទួលបានការផ្គត់ផ្គង់យោធា តាមរយៈប្រទេសស៉ីរីតទៀតហើយ បន្ទាប់ពីក្រុមឧទ្ទាម ​បានផ្តួលរំលំអតីតប្រធានាធិបតីស៉ីរី លោក Bashar al-Assad ដែលជាសម្ព័ន្ធមិត្តរបស់ហេសបូឡា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Naim Qassem បានបន្តថា ហេតុដូច្នេះហើយ ក្រុមសកម្មប្រយុទ្ធរបស់លោក ចាំបាច់ត្រូវតែបត់បែនតាមស្ថានការណ៍។ ជាមួយគ្នានោះ លោក Qassem ក៏បានបង្ហាញក្តីសង្ឃឹមដែរថា អ្នកដឹកនាំថ្មីនៅប្រទេសស៉ីរី នឹងមើលឃើញអ៉ីស្រាអែលជាសត្រូវ ហើយមិនបង្កើតចំណងទាក់ទង ជាមួយអ៉ីស្រាអែលនោះឡើយ។ វាគឺជាចេញមុខធ្វើការអត្ថាធិប្បាយ ជាសាធារណៈលើកដំបូង ចាប់តាំងពីក្រុមឧទ្ទាមនៅស៉ីរី បានផ្តួលរំលំលោក Assad ដែលទទួលបានគាំទ្រយោធាពីក្រុមហេសបូឡា អំឡុងសង្រ្គាមស៉ីវិល ដែលបានផ្ទុះឡើងដំបូង ក្រោយការបង្រ្កាបបាតុកម្មប្រឆាំងរដ្ឋាភិបាល ឆ្នាំ២០១១។

គួរបញ្ជាក់ថា កងកម្លាំងរបស់ក្រុមឧទ្ទាម បានបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំរបស់ពួកគេ ប្រឆាំងកងកម្លាំងរដ្ឋាភិបាលស៉ីរី កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ពោលគឺ​ជាថ្ងៃដូចគ្នា ជាមួយការចូលជាធរមាន នៃបទឈប់បាញ់ រវាងអ៉ីស្រាអែលនិងហេសបូឡា ក្នុងសង្រ្គាមនៅលីបង់។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ក្រុមឧទ្ទាមបានប្រកាសថា ពួកគេបានដណ្តើមកាន់កាប់រដ្ឋធានីដាម៉ាស ខណៈលោក Assad បានរត់ភៀសខ្លួនចេញពីប្រទេស៕