(ប៉េកាំង)៖ សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិន បានបើកធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែធ្នូ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមកិច្ចប្រជុំ និងថ្លែងសុន្ទរកថាគន្លឹះ។
ថ្លែងក្នុងសុន្ទរកថាគន្លឹះ លោក Xi Jinping បានសង្ខេបការងារសេដ្ឋកិច្ចនៅឆ្នាំ ២០២៤ វិភាគស្ថានភាពសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន ព្រមនិងចាត់ចែងការងារសេដ្ឋកិច្ចនៅឆ្នាំ ២០២៥។ អង្គប្រជុំបានកត់សម្គាល់ថា ដំណើរអភិវឌ្ឍន៍ក្នុងឆ្នាំនេះ មិនធម្មតាទេ ដោយទទួលបានសមិទ្ធផលជាផ្លែផ្កា។
កិច្ចប្រជុំបានលើកឡើងថា ឆ្នាំ២០២៥ត្រូវតែរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព រក្សាស្ថិរភាពជាទូទៅនៃឱកាសការងារ និងតម្លៃទំនិញ រក្សាសមតុល្យនៃការទូទាត់អន្តរជាតិ និងជំរុញកំណើនប្រាក់ចំណូលរបស់ប្រជាជន និងកំណើនសេដ្ឋកិច្ចស្របគ្នា។ កិច្ចប្រជុំបានកំណត់ថា ឆ្នាំ ២០២៥ ត្រូវតែបំពេញភារកិច្ចសំខាន់ៗដូចខាងក្រោមឱ្យបានល្អ៖ ទី១ ផ្តោតសំខាន់លើ ការបង្កើនការប្រើប្រាស់ បង្កើនប្រសិទ្ធភាពនៃការវិនិយោគ និងពង្រីកតម្រូវការក្នុងស្រុកដោយគ្រប់ជ្រុងជ្រោយ។ ទី ២ ត្រូវប្រើប្រាស់ការច្នៃប្រឌិតថ្មី ខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដើម្បីជំរុញ ការអភិវឌ្ឍនៃកម្លាំងផលិតកម្មគុណភាពថ្មី និងកសាងប្រព័ន្ធឧស្សាហកម្មទំនើប។
ចំណែក ទី៣ ត្រូវដើរតួនាទីដឹកនាំនៃកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច និងជំរុញការអនុវត្តវិធានការកំណែទម្រង់ ជានិមិត្តសញ្ញាទទួលបាន ប្រសិទ្ធភាព។ ទី៤ គឺពង្រីកការបើកទូលាយជាមួយ ក្រៅប្រទេសក្នុងកម្រិតខ្ពស់ និងលំនឹងពាណិជ្ជកម្មជាមួយបរទេស និងការវិនិយោគពីបរទេស។ ទី៥ ទប់ស្កាត់និងដោះស្រាយហានិភ័យ ក្នុងវិស័យសំខាន់ៗប្រកបដោយប្រសិទ្ធភាព។ ទី៦ សម្របសម្រួលនិងជំរុញនគរូបនីយកម្មបែបថ្មី និងការស្តារការអភិវឌ្ឍ នៃជនបទដោយគ្រប់ជ្រុងជ្រោយ និងជំរុញការអភិវឌ្ឍដោយរួមបញ្ចូលគ្នារវាងទីក្រុង និងជនបទ។ ទី៧ បង្កើនការអនុវត្ត យុទ្ធសាស្ត្រក្នុងតំបន់ និងបង្កើនភាពរស់រវើកនៃការអភិវឌ្ឍក្នុងតំបន់។ ទី៨ សម្របសម្រួលដើម្បីជំរុញការកាត់បន្ថយកាបូន កាត់បន្ថយការបំពុល ពង្រីកភាពបៃតង និងពន្លឿនការផ្លាស់ប្តូរបៃតងដោយគ្រប់ជ្រុងជ្រោយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ទី៩ បង្កើនការធានានិងលើកកម្ពស់ កម្រិតជីវភាពរស់នៅរបស់ប្រជាជន៕
វិទ្យុមិត្តភាពកម្ពុជាចិន