(គៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រកាសកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែននឹងបង្កើតយន្តការផ្គត់ផ្គង់ស្បៀងអាហារ ដល់ប្រទេសស៊ីរី ដែលកំពុងជួបប្រទះវិបត្តិស្បៀងអាហារ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាល លោក Bashar al-Assad។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

អ៊ុយក្រែន គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលនាំចេញគ្រាប់ធញ្ញជាតិ និងប្រេងច្រើនជាងគេនៅលើពិភពលោក។ ប្រទេសនេះ បាននិងកំពុងនាំចេញស្រូវសាលី និងពោត ទៅកាន់ប្រទេសជាច្រើន នៅមជ្ឈិមបូព៌ា ប៉ុន្តែមិនទាន់បាននាំចេញទៅស៊ីរីនៅឡើយទេ។

លោក Zelenskiy បានសរសេរនៅលើបណ្តាញសង្គម X ដូច្នេះថា «យើងត្រៀមខ្លួនជាស្រេចដើម្បីជួយស៊ីរីក្នុងការទប់ស្កាត់វិបត្តិស្បៀងអាហារ ជាពិសេសតាមរយៈកម្មវិធីមនុស្សធម៌... ខ្ញុំបានណែនាំរដ្ឋាភិបាលឱ្យបង្កើតយន្តការផ្គត់ផ្គង់ស្បៀង ដោយសហការជាមួយអង្គការអន្តរជាតិ និងដៃគូដែលអាចធ្វើកិច្ចការនេះ»

គួរបញ្ជាក់ថា ការប្រកាសផ្តល់ជំនួយនេះ ធ្វើឡើងក្នុងពេលដែលស៊ីរី កំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាល និងការផ្អាកការនាំចូលស្រូវសាលីពីប្រទេសរុស្ស៊ី៕