(ដាម៉ាស់)៖ មេដឹកនាំស៊ីរី លោក Ahmad al-Sharaa បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកមិនចាប់អារម្មណ៍ក្នុងការចូលរួមក្នុងជម្លោះថ្មីទេ បើ​ទោះ​ជា​មាន​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ក៏​ដោយ។ លោកបានបញ្ជាក់ថា ប្រទេសនេះកំពុងផ្តោតលើការកសាងឡើងវិញ បន្ទាប់ពីការបិទបញ្ចប់រជ្ជកាល លោក Bashar al-Assad។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Sharaa ដែលត្រូវបានគេស្គាល់ថា Abu Mohammed al-Golani បានចោទប្រកាន់អ៊ីស្រាអែល ថាបានប្រើលេសមិនពិត ដើម្បីបង្ហាញភាពត្រឹមត្រូវនៃការវាយប្រហាររបស់ខ្លួនលើប្រទេសស៊ីរី។ ទន្ទឹមគ្នានេះ លោកក៏បានអំពាវនាវឱ្យមានដំណោះស្រាយការទូតដើម្បីធានាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ដោយប្រុងប្រយ័ត្ន និងការស្វែងរកផលប្រយោជន៍រួម។

គួរបញ្ជាក់ថា បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលស៊ីរី អ៊ីស្រាអែលបានផ្លាស់ទ័ពចូលទៅក្នុងតំបន់គ្មានយោធាមួយក្នុងប្រទេសស៊ីរី ដែលបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមអារ៉ាប់-អ៊ីស្រាអែលឆ្នាំ១៩៧៣ រួមទាំងតំបន់ភ្នំយុទ្ធសាស្ត្រ ដែលមើលឃើញទីក្រុង Damascus និងបានកាន់កាប់ទីតាំងយោធាស៊ីរី ដែលត្រូវបានបោះបង់ចោល។

អ៊ីស្រាអែលដែលបានអះអាងថា ការឈ្លានពានរបស់ខ្លួនចូលទៅក្នុងប្រទេសស៊ីរី គ្រាន់តែជាវិធានការបណ្ដោះអាសន្ន ដើម្បីការពារសន្តិសុខតាមព្រំដែន និងមិនមានបំណងកាន់កាប់ទឹកដីស៊ីរីយូរអង្វែងទេនោះ ក៏បានបើកការវាយប្រហារតាមអាកាសជាច្រើនលើក ទៅលើឃ្លាំងអាវុធនៅក្នុងប្រទេសស៊ីរីផងដែរ៕