(ប៉ារីស)៖ ប្រទេសបារាំង នឹងបញ្ជូនក្រុមអ្នកការទូតទៅកាន់ប្រទេសស៊ីរី នៅថ្ងៃអង្គារ ទី១០ ខែធ្នូ ដើម្បីវាយតម្លៃស្ថានភាពនយោបាយ និងសន្តិសុខ បន្ទាប់ពីការដួលរលំ នៃរដ្ឋាភិបាលលោក Bashar al-Assad។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការបរទេសបារាំងបានបញ្ជាក់ថា ក្រុមអ្នកការទូតនេះ នឹងរាយការណ៍ពីស្ថានការណ៍ នៅក្នុងប្រទេសស៊ីរី មកក្រសួង។

ក្រសួងការបរទេសបារាំង បាននិយាយថា «ក្រុមអ្នកការទូតបារាំងមួយក្រុមនឹងធ្វើដំណើរទៅកាន់ប្រទេសស៊ីរីនៅថ្ងៃអង្គារនេះ ដើម្បីបង្ហាញឆន្ទៈរបស់បារាំងក្នុងការគាំទ្រប្រជាជនស៊ីរី»។ ក្រសួងបានសង្កត់ធ្ងន់ថា ក្រុមអ្នកការទូតនេះ នឹងវាយតម្លៃស្ថានការណ៍នៅក្នុងប្រទេស ហើយនឹងរាយការណ៍ជូនរដ្ឋមន្រ្តី។

គួរបញ្ជាក់ថា បារាំងបានកាត់ផ្តាច់ទំនាក់ទំនង ជាមួយរដ្ឋាភិបាលលោក Assad ក្នុងឆ្នាំ ២០១២ ហើយបានគាំទ្រដល់ក្រុមប្រឆាំង។ បច្ចុប្បន្ន បារាំងកំពុងពិចារណាលើលទ្ធភាព នៃការធ្វើការជាមួយរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយក្រុមឧទ្ទាម។ ប៉ុន្តែ បារាំង ក៏បានបង្ហាញការព្រួយបារម្ភ អំពីឥទ្ធិពលរបស់ក្រុមជ្រុលនិយម នៅក្នុងរដ្ឋាភិបាលថ្មីនេះផងដែរ។

ការបញ្ជូនអ្នកការទូតនេះ បង្ហាញពីចំណាប់អារម្មណ៍របស់បារាំង ក្នុងការតាមដានស្ថានការណ៍នៅស៊ីរី និងការស្វែងរកដំណោះស្រាយ ដើម្បីស្ថិរភាព និងសន្តិភាព នៅក្នុងប្រទេសនេះ៕