(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ថារូបលោកផ្ទាល់បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អំពីស្ថានការណ៍វិវត្តន៍នៅក្នុងប្រទេសស៊ីរី និងកិច្ចប្រឹងប្រែងនាពេលថ្មីៗនេះដើម្បីស្វែងរកកិច្ចព្រមព្រៀងដោះលែង ចំណាប់ខ្មាំងដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមលោក ណេតាន់យ៉ាហ៊ូ រូបលោកបានសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ កាលពីយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះអំពីបញ្ហាខាងលើ ដែលនឹងក្លាយជាបញ្ហាប្រឈមមួយដ៏សំខាន់ ក្នុងចំណោមបញ្ហាខាងកិច្ចការបរទេសធំៗដែលលោក ត្រាំ នឹងត្រូវប្រឈម ក្នុងករណីដែលបញ្ហាទាំងនេះមិនត្រូវបានដោះស្រាយឱ្យបានមុនថ្ងៃលោកស្បថចូលកាន់តំណែងជាប្រធានាធិបតី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ទេនោះ។ ប៉ុន្តែ មិនមានការបញ្ជាក់លម្អិតពីកិច្ចសន្ទនានេះទេ ហើយអ្នកនាំពាក្យរបស់លោក ត្រាំ ក៏បានបដិសេធផ្ដល់ព័ត៌មានលម្អិតផងដែរនៅពេលត្រូវបាន សាកសួរដោយអ្នកសារព័ត៌មាន។
គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអ៉ីស្រាអែល មានចំណាប់ខ្មាំងប្រហែល ១០០នាក់ កំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា ហើយក្នុងនោះមានពាក់កណ្ដាលត្រូវបានគេជឿថានៅមានជីវិត។ ចំណែក ចំណាប់ខ្មាំងយ៉ាងហោច ១០០នាក់ត្រូវបានដោះលែងតាមរយៈកិច្ចចរចា ឬត្រូវបានរំដោះនៅក្នុងប្រតិបត្តិការយោធាពិសេសរបស់អ៉ីស្រាអែល៕