(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ បានរាយការណ៍ជាលើកដំបូងអំពីការបោះឆ្នោតទម្លាក់លោកប្រធានាធិបតី Yoon Suk Yeol ចេញពីតំណែងដោយសភាកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ដោយហៅលោក​ Yoon ថាជា «មេឧទ្ទាម» សម្រាប់ការប៉ុនប៉ងដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ជិត២ថ្ងៃ បន្ទាប់ពីការបោះឆ្នោតដកតំណែងលោក Yoon ដោយសភាកូរ៉េខាងត្បូង សេចក្ដីរាយការណ៍របស់ KCNA បានធ្វើឡើងដោយមិនបានដកស្រង់សម្ដីពីមន្ត្រីកូរ៉េខាងជើងណាម្នាក់ទេ តែបានលើកឡើងថា លោក Yoon បានព្យាយាមបង្វែរការទទួលខុសត្រូវចំពោះការប្រកាសដាក់ឱ្យច្បាប់អាជ្ញាសឹក ទៅលើគណបក្សប្រឆាំង។ «ការស៊ើបអង្កេតលើអាយ៉ង Yoon Suk Yeol ដែលជាមេឧទ្ទាម និងអ្នករួមគំនិតកំពុងតែ ដំណើរការ»។ នេះជាការគូសបញ្ជាក់របស់លោក KCNA ដោយបន្ថែមថា «តុលាការធម្មនុញ្ញជាអាយ៉ង នឹងធ្វើការសម្រេចចិត្តចុងក្រោយថាតើត្រូវដកតំណែងលោក Yoon ឬក៏អត់?»

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង តែងតែចាត់ទុកមេដឹកនាំ និងស្ថាប័នកូរ៉េខាងត្បូង ជាអាយ៉ងរបស់សហរដ្ឋអាមេរិក។ ទំនាក់ទំនងរវាងកូរ៉េទាំង២ បានធ្លាក់ចុះដុនដាបខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ នេះដោយកូរ៉េខាងជើងបានបង្កើនការធ្វើតេស្ដបាញ់មីស៊ីល និងការបង្ហោះបាឡុងផ្ទុកសំរាមចូលដីកូរ៉េខាងត្បូង ខណៈទីក្រុងសេអ៊ូលបានដំណើរការឧបករណ៍បំពងសំឡេងឃោសនារិះគន់របបដឹកនាំលោក គីម ជុងអ៊ុន ឡើងវិញនៅតាមតំបន់ព្រំដែន៕