(អាម៉ាន់)៖ ប្រធានគោលនយោបាយថ្មីរបស់សហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas បាននិយាយថា EU នឹងមិនដកទណ្ឌកម្មចេញពីស៉ីរីឡើយ មុនពេលមេដឹកនាំថ្មីនៃប្រទេសនេះធានាថា ជនជាតិភាគតិចមិនត្រូវបានបៀតបៀន ហើយមានការពារសិទ្ធិស្ត្រី នៅក្នុងរដ្ឋាភិបាលបង្រួបបង្រួមមួយ ដែលមិនប្រកាន់សាសនាជ្រុលនិយម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ ២០២៤។
លោកស្រី Kallas និយាយថា កិច្ចប្រជុំនៃរដ្ឋមន្ត្រីការបរទេស EU ក្នុងទីក្រុងព្រុចសែល នៅថ្ងៃចន្ទនេះ ទោះជាមានបញ្ហាស៉ីរីក្នុងរបៀបវារៈរបស់ខ្លួន តែការពិភាក្សាពីការពង្រីកជំនួយហិរញ្ញវត្ថុ នឹងមិនលើសពីអ្វីដែល EU ធ្លាប់ផ្តល់រួចហើយ តាមរយៈទីភ្នាក់ងារអង្គការសហប្រជាជាតិនោះទេ។ លោកស្រី Kallas បានប្រាប់ Reuters ក្នុងបទសម្ភាសន៍ថា «សំណួរមួយក្នុងចំណោមសំណួរជាច្រើន គឺថាតើយើងអាចពិនិត្យសម្របសម្រួលទណ្ឌកម្មចំពោះស៉ីរីទេ? ទោះជាមេដឹកនាំបណ្ដោះអាសន្នរបស់ស៉ីរី បានបញ្ចេញសញ្ញាវិជ្ជមាន ប៉ុន្តែនៅមិនគ្រប់គ្រាន់ទេ។ គេមិនអាចវិនិច្ឆ័យត្រឹមតែពាក្យសម្ដីឡើយ។ ដូច្នេះប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែខាងមុខ នឹងបង្ហាញថាតើការប្រព្រឹត្តិរបស់ពួកគេ ឆ្ពោះទៅរកផ្លូវត្រឹមត្រូវឬយ៉ាងណា»។
គួរបញ្ជាក់ថា EU គឺជាម្ចាស់ជំនួយផ្នែកមនុស្សធម៌ដ៏ធំបំផុត សម្រាប់ស៉ីរី។ ស្របពេលដែលមានរបបទណ្ឌកម្មតឹងរ៉ឹងរបស់ EU ប្រឆាំងស៉ីរី ក្រុមឧទ្ទាម Hayat Tahrir al-Sham ដែលដឹកនាំការផ្តួលរំលំលោកប្រធានាធិបតី Bashar al-Assad ក៏ត្រូវរងនូវដាក់ទណ្ឌកម្មរយៈពេលច្រើនឆ្នាំនេះដែរ។ តាមលោកស្រី Kallas អង្គការសិទ្ធិមនុស្សបានឱ្យដឹងថា នៅក្រោមការគ្រប់គ្រងនៃរបបផ្តាច់ការរបស់គ្រួសារ Assad មានមនុស្សរាប់ម៉ឺននាក់ស្លាប់ ដូច្នេះអតីតប្រធានាធិបតីរូបនេះ ត្រូវតែទទួលខុសត្រូវ៕