(តៃប៉ិ)៖ នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ ក្រសួងការពារជាតិតៃវ៉ាន់ បានប្រកាសឱ្យដឹងថា ដែនកោះនេះទើបតែទទួលបាន រថក្រោះ Abrams ចំនួន៣៨គ្រឿង ពីសហរដ្ឋអាមេរិក ដើម្បីយកមកពង្រឹងសមត្ថភាពយោធារបស់ខ្លួន ចំពោះមុខការដាក់សម្ពាធរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា រថក្រោះ M1A2 Abrams ខាងលើ គឺជាក្រុមដំបូង ក្នុងចំណោម១០៨គ្រឿង ដែលទីក្រុងតៃប៉ិ បានបញ្ជាទិញកាលពី២០១៩។ ពួកវាបានមកដល់តៃវ៉ាន់ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ ហើយត្រូវបានបញ្ជូនទៅកាន់ មូលដ្ឋានយោធាមួយកន្លែង ក្នុងទីក្រុង Hsinchu ភាគខាងត្បូងទីក្រុងតៃប៉ិ។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រថក្រោះ M1A2 ទាំងនេះ គឺរថក្រោះថ្មីដំបូង ដែលត្រូវបានប្រគល់ឱ្យតៃវ៉ាន់ ក្នុងរយៈពេល៣០ឆ្នាំ ខណៈបច្ចុប្បន្ន កងកម្លាំងរថក្រោះរបស់ដែនកោះនេះ រួមមានរថក្រោះ CM 11 Brave Tiger ផលិតដោយតៃវ៉ាន់ និងរថក្រោះ M60A3 ផលិតដោយអាមេរិក សរុបប្រហែល១០០០គ្រឿង ដែលសុទ្ធតែជា រថក្រោះស៊េរីចាស់ៗ។ តៃវ៉ាន់បានកំណត់ថវិកាជាង ១.២ពាន់លានដុល្លារ សម្រាប់ការទិញរថក្រោះ M1A2 Abrams ពីអាមេរិក។ តៃវ៉ាន់រំពឹងថា នឹងទទួលបានពួកវា គ្រប់ចំនួន១០៨គ្រឿង នៅចន្លោះឆ្នាំ២០២៥-២០២៦។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន ជាយូរមកហើយ បានដើរតួនាទីជាសម្ព័ន្ធមិត្តសំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់សព្វាវុធធំបំផុតរបស់តៃវ៉ាន់ ដែលជារឿងធ្វើឱ្យទីក្រុងប៉េកាំង មិនពេញចិត្តជាខ្លាំង ដ្បិតប៉េកាំងចាត់ទុក ដែនកោះនេះ ជាផ្នែកនៃទឹកដីរបស់ប្រទេសចិន៕