(ដាក្កា)៖ មេដឹកនាំស្តីទីនៃប្រទេសបង់ក្លាដែស លោក Muhammad Yunus នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ បាននិយាយថា ការបោះឆ្នោតសកលថ្មីមួយ នឹងត្រូវរៀបចំឡើង នៅអំឡុងចុងឆ្នាំក្រោយ ឬក៏នៅអំឡុងដើមឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។

លោក Muhammad Yunus ដែលបានក្លាយជា «ប្រមុខទីប្រឹក្សា» នៃប្រទេសអាស៉ីខាងត្បូងមួយនេះ ក្រោយការផ្ទុះបាតុកម្ម​យ៉ាងកក្រើក ដែលបានទម្លាក់អតីតនាយករដ្ឋមន្រ្តី លោកស្រី Shiekh Hasina ចេញពីអំណាច កាលពីខែសីហា ឆ្នាំនេះ បានទទួលរងសម្ពាធ ឱ្យកំណត់កាលបរិច្ឆេទជាក់លាក់ សម្រាប់ការរៀបចំបោះឆ្នោតសកលថ្មី។ នាពេលនេះ លោក Yunus កំពុងដឹកនាំរដ្ឋបាលបណ្តោះអាសន្នមួយ ដើម្បីដោះស្រាយនូវអ្វីលោកហៅថា បញ្ហាប្រឈមដ៏លំបាកបំផុត នៃការស្តារលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសដែលមានប្រជាជន​សរុប១៧០លាននាក់មួយនេះ ឡើងវិញ។

គួរបញ្ជាក់ថា លោកស្រី Hasina បានរត់ភៀសខ្លួនតាមឧទ្ធម្ភាគចក្រ ទៅកាន់ប្រទេសឥណ្ឌា ដែលនៅក្បែរខាង ស្របពេលដែល​ក្រុមបាតុកររាប់ពាន់នាក់ ដឹកនាំដោយចលនានិស្សិត បាននាំគ្នាសម្រុកចូលវិមាននាយករដ្ឋមន្រ្តី នៅរដ្ឋធានីដាក្កា កាលពីខែសីហា។ លោកស្រី បានដឹកនាំប្រទេសបង់ក្លាដែស ជាប់រហូតតាំងពីឆ្នាំ២០០៩។