(ដាម៉ាស)៖ គ្រិស្តសាសនិកស៉ីរី បានចូលរួមសកកម្មភាពរៀងរាល់ថ្ងៃអាទិត្យឡើងវិញ ចាប់តាំងពីការផ្តួលរំលំប្រធានាធិបតី លោក Bashar al-Assad និងអាចជាការធ្វើតេស្តលើកដំបូងលើ ការធានារបស់មេដឹកនាំថ្មី ថាសិទ្ធិជនជាតិភាគតិច នឹងត្រូវបានការពារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ ២០២៤។

ក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) បានឡើងមកគ្រប់គ្រងប្រទេសស៉ីរី ហើយកំពុងផ្តល់ការធានាសម្រាប់ ជនជាតិភាគតិចស៉ីរីថា ការរស់នៅប្រចាំថ្ងៃរបស់ពួកគេនឹងមិនមានគ្រោះថ្នាក់។ កាលពីរបបលោក Assad នៅរស់ ក្រុមជនជាតិដើមភាគតិចសាសនា រួមទាំងគ្រិស្តបរិស័ទ បានធ្វើការគោរពប្រណិប័តន៍ដោយសេរី ខណៈមនុស្សមួយចំនួន នៅបារម្ភពីទស្សនវិស័យរដ្ឋាភិបាល ដែលប្រតិបត្តិសាសានាឥស្លាម។

កាលពីព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ផ្លូវនានាក្នុងសង្កាត់ Bab Touma ដែលមានគ្រិស្តបរិស័ទច្រើនជាងគេ នៃរដ្ឋធានីដាម៉ាស គឺពោរពេញដោយអ្នកដំណើរ ត្រលប់មកពីថ្វាយបង្គំព្រះនៅឯវិហារវិញ ប៉ុន្តែដោយប្រុងប្រយ័ត្ន។ នៅទីក្រុងឆ្នេរសមុទ្រ Latakia និងជាបន្ទាយដ៏រឹងមាំរបស់លោក Assad ព្រះវិហារ Orthodox ក៏បានទទួលគ្រិស្តបរិស័ទ ប្រកបដោយផាសុកភាពផងដែរ។

គួរបញ្ជាក់ថា ស៉ីរីគឺជាជម្រករបស់ជនជាតិភាគតិច និងសាសនាជាច្រើន រួមទាំងគ្រិស្តសាសនា អាមេនី ឃឺដ និងឥស្លាមនិកាយស៉ីអ៊ីត។ គ្រួសារលោក Assad ជាជនជាតិភាគតិច Alawite ដែលកាន់សាសនាឥស្លាមនិកាយស៉ីអ៉ីត នៅក្នុងប្រទេសស៉ីរី ដែលភាគច្រើនជាអ្នកនិកាយស៊ុននី៕