(អង់ការ៉ា)៖ រដ្ឋមន្រ្តីការពារជាតិតួកគី លោក Yasar Guler បាននិយាយថា រដ្ឋាភិបាលថ្មីនៅក្នុងប្រទេសស៉ីរី គួរតែត្រូវបានផ្តល់ឱកាសឱ្យគ្រប់គ្រងប្រទេស ផ្អែកលើសារដ៏មានលក្ខណៈស្ថាបនារបស់ពួកគេ ហើយតួកគីត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការហ្វឹកហ្វឺនផ្នែកយោធា ប្រសិនបើមានការស្នើសុំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ ២០២៤។
លោក Guler ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងទីក្រុងអង់ការ៉ា ដូច្នេះថា «សេចក្តីថ្លែងការណ៍ដំបូងរបស់ពួកគេ (ក្រុមឧទ្ទាម) រដ្ឋាបាលថ្មីដែលបានផ្តួលរំលំរបបលោក Assad និយាយថា ខ្លួននឹងគោរពស្ថាប័នរដ្ឋទាំងអស់ អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀត។ យើងគួរគិតមើលថារដ្ឋាបាលថ្មីត្រូវធ្វើអ្វី ហើយផ្តល់ឱកាសឱ្យពួកគេ»។ នៅពេលសួរថា តើតួកគីពិចារណាធ្វើកិច្ចសហប្រតិបត្តិការយោធា ជាមួយរដ្ឋាភិបាលស៉ីរីថ្មីឬអត់? លោក Guler ឆ្លើយតបថា «តួកគី ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រចាំបាច់ណាមួយ ប្រសិនបើរដ្ឋាបាលថ្មីស្នើសុំ»។
គួរបញ្ជាក់ថា សមាជិកអង្គការណាតូ តួកគីបានគាំទ្រក្រុមឧទ្ទាមស៉ីរី ដែលផ្តួលរំលំរបបលោក Assad កាលពីពេលថ្មីៗនេះ។ តួកគី ក៏បានបើកស្ថានទូតរបស់ខ្លួនឡើងវិញ ក្នុងទីក្រុងដាម៉ាស កាលពីចុងសប្តាហ៍មុន ពីរថ្ងៃបន្ទាប់ពីប្រមុខទីភ្នាក់ចារកម្ម ធ្វើទស្សនកិច្ចនៅស៉ីរី៕