(គៀវ)៖ ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន បានរាយការណ៍ឱ្យដឹងនៅថ្ងៃចន្ទនេះថា ទាហានកូរ៉េខាងជើង យ៉ាងហោចណាស់ ៣០នាក់ បានស្លាប់ ឬរងរបួសនៅក្នុងការប្រយុទ្ធគ្នានៅក្នុងតំបន់ Kursk របស់រុស្ស៊ី កាលពីចុងសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយថា រុស្ស៊ីកំពុងប្រើប្រាស់កងទ័ពកូរ៉េខាងជើង ក្នុងចំនួនដ៏ច្រើនដើម្បីវាយប្រហារ នៅតំបន់ Kursk។ តំបន់នេះ គឺជាតំបន់ដែលអ៊ុយក្រែន បានវាយលុកចូលកាលពីខែសីហា។
ទោះជាយ៉ាងណា រុស្ស៊ី មិនបានធ្វើអត្ថាធិប្បាយ លើការអះអាងរបស់អ៊ុយក្រែននេះទេ។ រុស្ស៊ី មិនដែលបញ្ជាក់ ឬបដិសេធ ពីវត្តមានរបស់កងទ័ពកូរ៉េខាងជើង នៅក្នុងប្រទេសរបស់ខ្លួនឡើយ។
អ៊ុយក្រែន បានអះអាងថា ការខាតបង់របស់កូរ៉េខាងជើង បានកើតឡើងនៅជុំវិញភូមិ Plekhovo, Vorozhba និង Martynovka ក្នុងតំបន់ Kursk។ អ៊ុយក្រែន ក៏បានបញ្ជាក់ថា ក្រុមវាយប្រហារកំពុងត្រូវបានបំពេញបន្ថែមដោយទាហានថ្មី មកពីកូរ៉េខាងជើង។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នានៅតំបន់ Kursk គឺជាផ្នែកមួយនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលបានអូសបន្លាយ អស់រយៈពេលជាងមួយឆ្នាំ។ អ៊ុយក្រែន កំពុងព្យាយាមរក្សាការគ្រប់គ្រង លើតំបន់នេះ ដើម្បីប្រើប្រាស់ជាបន្ទះឈីបចរចា នៅក្នុងកិច្ចពិភាក្សាសន្តិភាព៕