(សេអ៊ូល)៖ នៅទីបំផុត សភាកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ ទី១៤ ខែធ្នូ បានបោះឆ្នោតអនុម័តហើយលើសំណើដកតំណែងរបស់លោកប្រធានាធិបតី Yoon Suk Yeol ជុំវិញការប៉ុនប៉ងដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច។ លោក Yoon បានប្រកាសប្រើច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ ហើយច្បាប់នេះត្រូវបានលុបចោលវិញក្រោយមានការជំទាស់ពីសភា។ ច្បាប់អាជ្ញាសឹកត្រូវបានលោក Yoon ប្រកាសដាក់ឱ្យប្រើបានត្រឹមរយៈពេលជាង ៦ម៉ោង ប៉ុណ្ណោះ។ ប៉ុន្តែវាបានបង្កភាពចលាចលនៅក្នុងនយោបាយកូរ៉េខាងត្បូង និងជំរុញឱ្យមានការអំពាវនាវឱ្យរូបលោកចុះចេញពីតំណែង។
ដើម្បីអាចអនុម័តលើសំណើដកតំណែងលោក Yoon ដែលស្នើឡើងដោយក្រុមគណបក្សប្រឆាំង គេត្រូវការសំឡេងគាំទ្រពីសមាជិកសភា ២ភាគ៣ ឬ ២០០រូប នៅក្នុងចំណោមសមាជិកសភារុប ៣០០រូប។ លទ្ធផលបោះឆ្នោត ដកតំណែងជាលើកទី២នេះ បានបង្ហាញថាក្នុងចំណោមសមាជិកសភា ៣០០រូប ក្នុងនោះមាន២០៤រូបបានបោះឆ្នោតគាំទ្រឱ្យដកតំណែងលោកប្រធានាធិបតី ក្រោមបទចោទ «បះបោរ» ខណៈសមាជិកសភា ៨៥រូបបោះឆ្នោត ជំទាស់។ នេះមានន័យថាសមាជិកសភាមកពីគណបក្សកាន់អំណាចរបស់លោក Yoon ក៏បានចូលរួមជាមួយបក្សប្រឆាំងដើម្បីបោះឆ្នោតដកតំណែងលោក Yoon។ ចំណែកឯ សមាជិកសភា៣រូបទៀតបានអនុបវាទ ហើយសន្លឹកឆ្នោត ចំនួន៨ ជាសន្លឹកឆ្នោតមិនបានការ។ លោក Yoon បានក្លាយជាប្រធានាធិបតីទី២របស់កូរ៉េខាងត្បូងដែលត្រូវបានសភាបោះឆ្នោតចោទប្រកាន់ដកតំណែង បន្ទាប់ពីអតីតប្រធានាធិបតីលោកស្រី Park Geun-hye។ ដូច្នេះលោក Yoon នឹងមានវាសនាដូចលោកស្រី Park ដែរឬយ៉ាងណា?
* តើនឹងមានអ្វីកើតឡើង ក្រោយលោក Yoon ត្រូវបានសភាបោះឆ្នោតដកតំណែង?
សំណើដកតំណែងដែលត្រូវបានសភាអនុម័ត នឹងត្រូវបញ្ជូនបន្តទៅកាន់តុលាការធម្មនុញ្ញ ដែលជាអ្នកសម្រេចចិត្តចុងក្រោយថាតើត្រូវតែទុក ឬដកលោក Yoon ចេញពីតំណែង? ប្រសិនបើតុលាការទទួលស្គាល់សំណើដកតំណែងនេះ ដែរ នោះលោក Yoon នឹងក្លាយជាប្រធានាធិបតីទី២ របស់កូរ៉េខាងត្បូងដែលត្រូវបានទម្លាក់ចេញពីអំណាចបន្ទាប់ពីអតីតប្រធានាធិបតីលោកស្រី Park Geun-hye។
ចាប់ពីឥលូវនេះទៅ តុលាការធម្មនុញ្ញមានពេល ១៨០ថ្ងៃ ដើម្បីសម្រេចចិត្តលើអនាគតរបស់លោក Yoon។ ម្យ៉ាងវិញទៀត អំឡុងពេលនៃការពិចារណារបស់តុលាការ លោក Yoon នឹងត្រូវបានព្យួរពីតួនាទីជាប្រធានាធិបតី រីឯ នាយករដ្ឋមន្ត្រីលោក Han Duck-soo នឹងឡើងកាន់តំណែងជាប្រធានាធិបតីស្ដីទី។ ក្នុងរយៈពេលនេះ លោក Yoon នៅតែជាប្រធានាធិបតីពេញសិទ្ធិរបស់កូរ៉េខាងត្បូង ដោយបន្តរក្សាសិទ្ធិពិសេសមួយចំនួនក្នុងនាមជាប្រធានាធិបតី ក្នុងនោះរួមមានទាំងនិវេសនដ្ឋានរបស់ប្រធានាធិបតី និងការការពារសន្តិសុខ។ ក៏ប៉ុន្តែ អ្វីដែលសំខាន់ គឺគណបក្សប្រឆាំងក៏កំពុងពិចារណារៀបចំការបោះឆ្នោតដកតំណែងលោក Han Duck-soo ផងដែរ ដោយចោទថារូបលោកមាន ជាប់ពាក់ព័ន្ធនឹងការប្រកាសដាក់ច្បាប់អាជ្ញាសឹករបស់លោក Yoon។ ក្នុងករណីដែលលោក Han ត្រូវបានសភាដកតំណែងដែរនោះ ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ច នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីស្ដីទី។
* ជោគវាសនារបស់លោក Yoon នៅក្នុងដៃតុលាការធម្មនុញ្ញ
ដើម្បីអនុម័តលើសំណើដកតំណែងលោក Yoon គេត្រូវការសំឡេងគាំទ្រពីចៅក្រមតុលាការធម្មនុញ្ញយ៉ាងហោច ៦រូប ក្នុងចំណោម ៩រូប។ តែបច្ចុប្បន្ន ចៅក្រមនៃតុលាការធម្មនុញ្ញ មានតែ ៦នាក់ប៉ុណ្ណោះ ខណៈកៅអីចៅក្រម ៣នាក់ ទៀតនៅទំនេរ។ គេមិនទាន់ដឹងច្បាស់ថាតើតុលាការធម្មនុញ្ញនឹងធ្វើការសម្រេចចិត្តដោយមានចៅក្រមត្រឹម ៦រូបដែរ ឬក៏យ៉ាងណានោះទេ ស្របពេលសមាជិកបក្សប្រឆាំង និងបក្សកាន់អំណាចនៅមិនទាន់យល់ព្រមលើការតែងតាំង ចៅក្រម។ តែបើការសម្រេចចិត្តពិតជាត្រូវបានធ្វើឡើងដោយចៅក្រម ៦រូប នោះគេត្រូវការសំឡេងគាំទ្រឯកច្ឆន្ទ ឬអាចនិយាយម្យ៉ាងទៀតបានថាលោក Yoon ត្រូវការសំឡេងគំាទ្រពីចៅក្រមតែម្នាក់ប៉ុណ្ណោះ ដើម្បីអាចរួចផុតពីការដក តំណែង។ ជាធម្មតា តុលាការធម្មនុញ្ញមានពេល ១៨០ថ្ងៃ ដើម្បីធ្វើការសម្រេចចិត្ត។ កន្លងមក តុលាការធ្លាប់ប្រើពេល ៦៣ថ្ងៃដើម្បីចេញសាលក្រមសម្រេចលើសំណើដកតំណែងអតីតប្រធានាធិបតី លោក Roh Moo-hyun កាលពីឆ្នាំ២០០៤ និងចំណាយពេល ៩១ថ្ងៃ ក្នុងការសម្រេចលើករណីរបស់អតីតប្រធានាធិបតី លោកស្រី Park Geun-hye កាលពីឆ្នាំ២០១៧។ ប្រសិនបើតុលាការធម្មនុញ្ញទទួលស្គាល់សំណើដកតំណែងរបស់លោក Yoon អនុម័តដោយសភា នោះការបោះឆ្នោតប្រធានាធិបតីនឹងត្រូវធ្វើឡើង ក្នុងពេល ៦០ថ្ងៃ។ តែបើសេចក្ដីសម្រេចរបស់សភា ត្រូវបានបដិសេធ លោក Yoon នឹងត្រូវបន្តកាន់តំណែងជាប្រធានាធិបតី ដូចករណីលោក Roh Moo-hyun កាលពីឆ្នាំ២០០៤។
គួរបញ្ជាក់ថា លោក Yoon សព្វថ្ងៃ កំពុងប្រឈមនឹងការស៊ើបអង្កេតពីបទល្មើសព្រហ្មទណ្ឌជាច្រើន។ ជាការពិតណាស់ ប្រធានាធិបតីកំពុងកាន់អំណាចមានអភ័យឯកសិទ្ធិពីការចោទប្រកាន់ខាងព្រហ្មទណ្ឌ តែអភ័យឯកសិទ្ធនេះគឺ មិនគ្របដណ្ដប់លើបទចោទប្រកាន់បះបោរ ឬទោសក្បត់ជាតិនោះឡើយ។ បន្ថែមពីលើនេះ ទីភ្នាក់ងារស៊ើបអង្កេតជាច្រើនរួមមាន ប៉ូលិស រដ្ឋអាជ្ញា និងការិយាល័យស៊ើបអង្កេតអំពើពុករលួយលើមន្ត្រីជាន់ខ្ពស់ កំពុងបើកការស៊ើបអង្កេត លើមន្ត្រីជាន់ខ្ពស់ និងមេបញ្ជាការយោធាមួយចំនួន ក្រោមបទចោទបះបោរ។ បានន័យថាគេមិនអាចច្រានចោលបានឡើយនូវលទ្ធភាពដែលលោក Yoon អាចនឹងត្រូវបានឃាត់ខ្លួន៕