(ដាម៉ាស)៖ ប្រធានាធិបតីស៊ីរីខ្ទាតចេញពីអំណាច លោក Bashar al-Assad បានបំបែកភាពស្ងៀមស្ងាត់របស់លោក កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ បន្ទាប់ពីភៀសខ្លួនចេញពីស៊ីរី ដោយនិយាយនៅក្នុង សេចក្ដីថ្លែងការណ៍មួយថារូបលោកមិនមានផែនការទុកមុន ដើម្បីភៀសខ្លួនចេញពីប្រទេសស៊ីរីឡើយ ពោលរូបលោកបានសម្រេចចិត្តភៀសខ្លួន នៅពេលរដ្ឋធានីដាម៉ាសដួលរលំតែប៉ុណ្ណោះ ហើយបាន ហៅមេដឹកនាំថ្មីរបស់ស៊ីរីថាជាភេរវករ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើ Telegram លោក Assad បានគូសបញ្ជាក់ថា «ការចាកចេញរបស់ខ្ញុំពីស៊ីរី មិនមែនធ្វើឡើងដោយមានផែនការរៀបចំទុកជាមុននោះទេ ហើយក៏មិនបានធ្វើឡើង អំឡុងពេលចុងក្រោយនៃការប្រយុទ្ធនោះដែរ។ នសេចក្ដីថ្លែងការណ៍នេះដដែលបន្ថែមថា «ទីក្រុងមូស្គូ បានស្នើសុំ...ឱ្យមានការជម្លៀសមួយជាបន្ទាន់ទៅកាន់រុស្ស៉ីនៅល្ងាចថ្ងៃអាទិត្យ ទី៨ ខែធ្នូ ហើយបន្ទាប់ពីនោះ រូបលោក (លោក Assad) ចាកចេញក្នុងថ្ងៃដដែលនេះទៅកាន់ទីក្រុង Latakia ជាទីដែលរុស្ស៉ីធ្វើប្រតិបត្តិការមូលដ្ឋានទ័ពជើងទឹកមួយនៅទីនោះ»។
គួរបញ្ជាក់ថា លោក Assad បានចាកចេញពីស៊ីរីឆ្ពោះទៅកាន់រុស្ស៉ី កាលពីជាងមួយសប្ដាហ៍មុន នៅចំពោះមុខប្រតិបត្តិការវាយលុកលឿនដូចផ្លេកបន្ទោររបស់សម្ព័ន្ធក្រុមឧទ្ទាមស៊ីរីដឹកនាំដោយ ក្រុមឧទ្ទាម Hayat Tahrir al-Sham ហៅកាត់ថា HTS ដែលបានដណ្ដើមកាន់កាប់ទីក្រុងម្ដងមួយៗ រហូតដល់វាយចូលកាន់កាប់រដ្ឋធានីដាម៉ាស៕