(វ៉ាស៊ីនតោន)៖ យោធាអាមេរិក បាននិយាយថាខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសមួយកាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ ប្រឆាំងនឹងទីបញ្ជា និងមូលដ្ឋានគ្រប់គ្រងរបស់ក្រុមឧទ្ទាមហ៊ូទី នៅក្នុងប្រទេសយេម៉ែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីបញ្ជាការកណ្ដាលយោធាអាមេរិក បានគូសបញ្ជាក់ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ថា «ហេដ្ឋារចនាសម្ព័ន្ធដែលជាគោលដៅនៃការវាយប្រហារ គឺជាមជ្ឈមណ្ឌលមួយសម្រាប់សម្របសម្រួល ការធ្វើប្រតិបត្តិការរបស់ក្រុមឧទ្ទាមហ៊ូទី ក្នុងនោះរួមមានដូចជាការវាយប្រហារប្រឆាំងនឹងនាវាចម្បាំងអាមេរិក និងកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហម និងឈូងសមុទ្រ Aden»។ ដោយឡែក Al-Masirah TVដែលជាទូរទស្សន៍មួយគ្រប់គ្រងដោយក្រុមហ៊ូទី ក៏បានរាយការណ៍នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូនេះដែរពីការវាយប្រហារតាមផ្លូវអាកាសមួយធ្វើឡើងដោយសហរដ្ឋអាមេរិក លើមូលដ្ឋាន al-Ardi ស្ថិតនៅក្នុងរដ្ឋធានី សាណានៃប្រទេសយេម៉ែន។

គួរបញ្ជាក់ថា ក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ បានវាយប្រហារលើកប៉ាល់ដឹកទំនិញនៅក្នុងតំបន់សមុទ្រក្រហម អស់រយៈពេលជាងមួយឆ្នាំមកហើយ ដើម្បីរារាំងកុំឱ្យកប៉ាល់ទាំងនោះចូលទៅកាន់កំពង់ផែអ៉ីស្រាអែល ហើយថាការវាយប្រហាររបស់ខ្លួនគឺដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា៕