(ប៉េកាំង)៖ “អនុវត្តគោលនយោបាយហិរញ្ញវត្ថុកាន់តែសកម្ម និងគោលនយោបាយរូបិយវត្ថុរលុងសមរម្យ កែលំអគោលនយោបាយ បង្កើនតួនាទីសម្របសម្រួលភាពផ្ទុយពី វដ្តគោលនយោបាយម៉ាក្រូខុសប្រក្រតី និងអនុវត្តគោលនយោបាយចម្រុះឱ្យបានល្អ” ។ ពេលថ្មីៗកន្លងទៅនេះ ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកធ្វើកិច្ចប្រជុំ ដើម្បីធ្វើការវិភាគនិងសិក្សាស្រាវជ្រាវអំពីការងារសេដ្ឋកិច្ចនៅឆ្នាំ២០២៥។ អ្នកជំនាញបានវិភាគថា កិច្ចប្រជុំលើកនេះ បានកំណត់ទិសដៅទាំងមូលយ៉ាងសកម្ម គោលនយោបាយម៉ាក្រូនៅឆ្នាំ២០២៥ ត្រូវបានរំពឹងថានឹងបន្តមានអំណោយផល ដល់ការអភិវឌ្ឍសេដ្ឋកិច្ច។
ចាប់តាំងពីឆ្នាំនេះមក ដំណើរការសេដ្ឋកិច្ចរបស់ចិន បានលេចចេញនិន្នាការងើបឡើងវិញដោយនឹងនរជាទូទៅ ។ មួយផ្នែក សន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗ បានសមស្របនឹងគោលដៅប៉ាន់ប្រមាណ រចនាសម្ព័ន្ធសេដ្ឋកិច្ចបន្តមានភាពល្អប្រសើរ ជាពិសេសគឺចាប់ពីខែកញ្ញានិងខែតុលាមក សន្ទស្សន៍នានាមានការកែលម្អ ហើយកម្លាំងរស់រវើកនៃទីផ្សារក៏កើនឡើង ជាសន្សឹមៗដែរ ។ មួយផ្នែកទៀត បញ្ហាប្រឈមដូចជា តម្រូវការក្នុងស្រុកមិនគ្រប់គ្រាន់ ប្រាក់ចំណេញសហគ្រាសបានធ្លាក់ចុះ និងការប៉ាន់ប្រមាណនៃសង្គមចុះថមថយ ជាដើមនៅតែលេចធ្លោ មូលដ្ឋានសម្រាប់សេដ្ឋកិច្ចកើនឡើងនិងឆ្ពោះរក ភាពល្អប្រសើរដោយនឹងនរត្រូវពង្រឹងថែមមួយកម្រិតទៀត។
ចាប់ពីចុងខែកញ្ញាមក សំដៅចំពោះសភាពការណ៍ថ្មីនិងបញ្ហាថ្មីមួយចំនួន ដែលលេចចេញក្នុងដំណើរការសេដ្ឋកិច្ចបច្ចុប្បន្ននេះ គោលនយោបាយម៉ាក្រូរបស់ចិន បានធ្វើការកែសម្រួលយ៉ាងខ្លាំង ដែលបានដាក់ចេញវិធានការដ៏សំខាន់ និងគោលនយោបាយបន្ថែមថ្មី មួយចំនួន។ ទន្ទឹមនឹងគោលនយោបាយរំញោចសេដ្ឋកិច្ច ត្រូវបានអនុវត្តជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព សន្ទស្សន៍សេដ្ឋកិច្ចជាច្រើន ត្រូវបានកែលម្អយ៉ាងច្បាស់លាស់ នៅពេលថ្មីៗកន្លងទៅនេះ តាមការប៉ាន់ប្រមាណ ល្បឿនកំណើននៃសេដ្ឋកិច្ចចិននៅត្រីមាសទីបួន មានសង្ឃឹមនឹងងើបឡើងវិញ ដោយនឹងនរថែមមួយកម្រិតទៀត ហើយល្បឿនកំណើននៃសេដ្ឋកិច្ចចិន នៅឆ្នាំ២០២៤មានសង្ឃឹមនឹងសម្រេចបាន នូវគោលដៅកំណើនប្រហែល៥ភាគរយ ដែលបានចាក់គ្រឹះមូលដ្ឋានដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចចិននៅឆ្នាំ២០២៥។ ហិរញ្ញវត្ថុជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ដែលមានសារសំខាន់យ៉ាងខ្លាំង ចំពោះការកសាងទំនើបកម្ម។
《សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ថែមមួយកម្រិតទៀត》 ដែលត្រូវបានពិនិត្យពិភាក្សានិងអនុម័តដោយ កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានធ្វើការរៀបចំ ចាត់ចែងដ៏សំខាន់ ចំពោះការធ្វើឱ្យស៊ីជម្រៅ នូវកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុថែមមួយកម្រិតទៀត ដូចជាពន្លឿនការកែលំអប្រព័ន្ធធនាគារមជ្ឈិម ធ្វើឱ្យយន្តការអនុវត្ត គោលនយោបាយរូបិយវត្ថុមានភាពរលូន អភិវឌ្ឍយ៉ាងសកម្មនូវហិរញ្ញវត្ថុវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហិរញ្ញវត្ថុបៃតង ហិរញ្ញវត្ថុផ្តល់ផលប្រយោជន៍ជាទូទៅ ហិរញ្ញវត្ថុសោធន និងហិរញ្ញវត្ថុឌីជីថល ពង្រឹងសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយគុណភាពល្អ ចំពោះយុទ្ធសាស្ត្រដ៏សំខាន់ វិស័យដ៏សំខាន់និងវិស័យទន់ខ្សោយ ធ្វើឱ្យមានសុក្រឹតភាពនូវមុខងារ នៃទីផ្សារមូលធនដែលមានភាពស៊ីសង្វាក់គ្នា ខាងការវិនិយោគនិងហិរញ្ញប្បទាន បង្ការហានិភ័យនិងបង្កើនការត្រួតពិនិត្យ និងគ្រប់គ្រងដើម្បីជំរុញឱ្យទីផ្សារមូលធន ទទួលការអភិវឌ្ឍប្រកបដោយភាពនឹងនរនិងល្អបរិសុទ្ធ ព្រមទាំងរៀបចំតាក់តែង ច្បាប់ហិរញ្ញវត្ថុ ។ល។
វិធានការកំណែទម្រង់ទាំងនេះ មុខជានឹងបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លា ក្នុងការពន្លឿនកិច្ចកសាងប្រទេសហិរញ្ញវត្ថុដ៏ខ្លាំងក្លា ជាមិនខាន ដើម្បីត្រួសត្រាយស្ថានភាពថ្មី នៃការងារហិរញ្ញវត្ថុជាបន្តបន្ទាប់។ បើហិរញ្ញវត្ថុមានភាពរស់រវើក នោះសេដ្ឋកិច្ចក៏មាន ភាពរស់រវើកដែរ ហើយបើហិរញ្ញវត្ថុមានស្ថិរភាព នោះសេដ្ឋកិច្ចក៏មានស្ថិរភាពដែរ។ ហិរញ្ញវត្ថុជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ដែលបានបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយនិរន្តរភាព ក៏ដូចជាដើរតួនាទីទ្រទ្រង់ដែលមិនអាចខ្វះបាន ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច។ ការធ្វើឱ្យស៊ីជម្រៅនូវប្រព័ន្ធហិរញ្ញវត្ថុគឺ បានសម្របទៅតាមតម្រូវការនៃការអភិវឌ្ឍកម្លាំងផលិតកម្ម ក្នុងដំណើរធ្វើនវានុវត្តន៍ទំនាក់ទំនងផលិតកម្ម វាមិនត្រឹមតែជាសារសំខាន់នៃការកសាង ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយម ប្រកបដោយកម្រិតខ្ពស់ប៉ុណ្ណោះទេ ថែមទាំងក៏ជាជម្រើសដ៏ចាំបាច់ ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន