(ប៉េកាំង)៖ "សញ្ញាវិជ្ជមានបានលេចចេញក្នុងវិស័យជាច្រើន" "ទិន្នន័យសេដ្ឋកិច្ចជាទូទៅមានភាពប្រសើរឡើង" "ត្រូវបានរំពឹងថា នឹងសម្រេចបាននូវគោលដៅកំណើនពេញមួយឆ្នាំ"។ល។ នៅថ្ងៃទី១៦ខែធ្នូ បន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាស នូវស្ថានភាពដំណើរការសេដ្ឋកិច្ចជាតិនៅខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបានវាយតម្លៃដូចពោលខាងលើ។មតិអន្តរជាតិយល់ឃើញថា ការកើនឡើងវិញជាលំដាប់នៃសេដ្ឋកិច្ចចិន បានបញ្ជាក់ពីការវិនិច្ឆ័យដែលធ្វើឡើងដោយ សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលទើបបានបញ្ចប់។
ទិន្នន័យបង្ហាញថា៖ នៅដើមខែវិច្ឆិកា ដំណើរការសេដ្ឋកិច្ចរបស់ប្រទេសចិន បានបន្តនិន្នាការកើនឡើងវិញចាប់តាំងពីខែកញ្ញាមក ហើយគុណភាពនៃការដំណើរការសេដ្ឋកិច្ចចិន ក៏បានបន្តមានភាពប្រសើរឡើងផងដែរ។ ក្នុងចំណោមនោះ សញ្ញាមួយដែលលេចធ្លោបំផុតគឺ កម្លាំងចលករនៃការច្នៃប្រឌិតថ្មីកាន់តែខ្លាំងឡើង។ មួយផ្នែក ផលិតផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសំខាន់ៗ កំពុងកើនឡើងយ៉ាងឆាប់រហ័ស ដូចជារថយន្តថាមពលថ្មី មនុស្សយន្តផ្នែកឧស្សាហកម្ម សៀគ្វីរួមបញ្ចូលគ្នាជាដើមសុទ្ធតែកើនឡើងយ៉ាងឆាប់រហ័ស។
មួយផ្នែកទៀត និន្នាការកើនឡើងនៃឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់មានភាពល្អប្រសើរ ការវិនិយោគខាងឧស្សាហកម្មផលិតកម្មបច្ចេកវិទ្យាខ្ពស់ និងសេវាកម្មបច្ចេកវិទ្យាខ្ពស់ ក្នុងរយៈពេល១១ខែដើមឆ្នាំនេះ បានកើនឡើង៨.២ភាគរយនិង១០.២ភាគរយដោយឡែកពីគ្នា។ ប្រការទាំងនេះបានបង្ហាញថា ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារបស់ ប្រទេសចិនបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់។
ការកើនឡើងជាលំដាប់នៃការប្រើប្រាស់ គឺជាសញ្ញាវិជ្ជមានមួយទៀត។ ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២៤ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ ក្នុងសង្គមចិនមានចំនួន ៤៤.២៧ទ្រីលានយាន់ប្រាក់ចិន កើនឡើង៣.៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ មជ្ឈដ្ឋានខាងក្រៅបានយល់ឃើញថា នេះគឺមានន័យថា ទីផ្សារនៃការប្រើប្រាស់របស់ប្រទេសចិន កំពុងងើបឡើងវិញជាលំដាប់។ ក្នុងចំណោមនោះ ការលក់រាយតាមបណ្តេញអ៊ីនធឺណិត បានកើនឡើង៧.៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៣ ដែលខ្ពស់ជាងកំណើនទូទៅ នៃការលក់រាយទំនិញប្រើប្រាស់ ក្នុងសង្គមយ៉ាងច្បាស់លាស់។ នេះបានសឱ្យឃើញថា ឧស្សាហកម្មថ្មីនិងរូបមន្តថ្មីនៃការប្រើប្រាស់ របស់ប្រទេសចិនបានទទួលការអភិវឌ្ឍយ៉ាងល្អប្រសើរ ហើយមានសក្តានុពលយ៉ាងខ្លាំងនាពេលអនាគត។
តាមពិត បើមើលពីកត្តាអន្តរជាតិ លទ្ធផលសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងខែវិច្ឆិកា គឺបានមកដោយមិនងាយទេ។ ចាប់តាំងពីចូលឆ្នាំនេះមក បរិយាកាសអន្តរជាតិមានភាពស្មុគ្រស្មាញ និងតានតឹង ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល បានបង្អង់ល្បឿន ហើយការលំបាកក្នុងការកែសម្រួល និងការធ្វើបរិវត្តកម្មសេដ្ឋកិច្ច របស់ប្រទេសចិនក៏បានកើនឡើងផងដែរ។ ក្នុងបរិបទបែបនេះ ហេតុអ្វីបានជាសេដ្ឋកិច្ចចិនអាចទប់ទល់នឹងសម្ពាធ និងកើនឡើងដោយនឹងនរជាលំដាប់? លោក Wang Xiaosong សាស្រ្តាចារ្យនៃវិទ្យាស្ថានសេដ្ឋកិច្ច នៃសកលវិទ្យាល័យប្រជាជនចិនបានវិភាគថា មួយផ្នែកគឺមកពីសេដ្ឋកិច្ច របស់ប្រទេសចិន មានមូលដ្ឋានរឹងមាំ ឧត្តមភាពច្រើន ភាពធន់និងសក្តានុពលយ៉ាងខ្លាំង លក្ខខណ្ឌគាំទ្រ និងនិន្នាការជាទូទៅ ដែលមានភាពល្អប្រសើរ ក្នុងរយៈពេលជាយូរមិនបានកែប្រែទេ។ មួយផ្នែកទៀត ស្របពេលដែលប្រសិទ្ធិភាពចម្រុះ នៃគោលនយោបាយដែលមានស្រាប់ និងគោលនយោបាយបន្ថែមបន្តបញ្ចេញ ការប្រែប្រួលជាវិជ្ជមាន ក្នុងការដំណើរការសេដ្ឋកិច្ចជាតិចិន បានកើនឡើងថែមមួយកម្រិតទៀត។
បើមើលពីកត្តាខាងក្រៅ ទំនាក់ទំនងការទូតដ៏ស្ថិរភាពរវាងប្រទេសចិន និងបណ្តាប្រទេសនានាលើពិភពលោក បានផ្តល់នូវមូលដ្ឋានដ៏ល្អសម្រាប់ ការប្រាស្រ័យទាក់ទងខាងសេដ្ឋកិច្ច ជាមួយបរទេស។ ទន្ទឹមនឹងនេះ ប្រទេសចិនបន្តជំរុញការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ ធ្វើឱ្យស៊ីជម្រៅ នូវយន្តការកិច្ចសហប្រតិបត្តិការប្រទេស BRICS និងពង្រីករង្វង់មិត្តភក្តិផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀតជាបន្តបន្ទាប់។សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនឆ្នាំនេះ បានលើកឡើងយ៉ាងច្បាស់លាស់ថា "នឹងពង្រីកការបើកចំហចំពោះ ក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់" និង "លំនឹងពាណិជ្ជកម្មបរទេសនិងលំនឹងការវិនិយោគបរទេស" ដែលបានពង្រឹងបន្ថែមទៀត នូវការរំពឹងទុករបស់មជ្ឈដ្ឋានខាងក្រៅ។
សញ្ញាវិជ្ជមានមួយចំនួននៃសេដ្ឋកិច្ចរបស់ប្រទេសចិននាពេលថ្មីៗនេះបានបញ្ជាក់ថា ប្រទេសចិនមានជំនឿចិត្ត ចំពោះការសម្រេចបាន នូវគោលដៅកំណើនប្រហែល៥ភាគរយ ដែលនឹងបន្តដើរតួនាទីជាក្បាលម៉ាស៊ីនដ៏ធំបំផុត ចំពោះកំណើនសេដ្ឋកិច្ចពិភពលោក។ បើនិយាយចំពោះពិភពលោក សញ្ញាវិជ្ជមានបែបនេះកាន់តែច្រើន ឱកាសនិងភាគលាភ ក៏នឹងមានកាន់តែច្រើនដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន