(ម៉ានីល)៖ ហ្វីលីពីន បានបញ្ជូនសម្ភារៈនិងគ្រឿងបរិក្ខារទៅឱ្យបុគ្គលិកយោធារបស់ខ្លួន ដែលឈរជើងនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ក្នុងសមុទ្រចិនខាងត្បូង ដែលបានបង្កឱ្យមានការតវ៉ាពីសំណាក់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ឆ្មាំឆ្នេរសមុទ្រចិនបានចោទប្រកាន់ហ្វីលីពីន នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា បានបញ្ជូននាវាចម្បាំងទៅកាន់ តំបន់ Second Thomas Shoal ដោយខុសច្បាប់និងដោយគ្មានការអនុញ្ញាតពីប្រទេសចិន។
ទោះជាយ៉ាងណា ហ្វីលីពីនបានបញ្ជាក់ថា បេសកកម្មនេះធ្វើឡើងកាលពីដើមខែធ្នូនេះ ដើម្បីផ្តល់ការគាំទ្រនិងលើកទឹកចិត្តដល់ទាហាន ដែលនឹងមិនអាចវិលត្រឡប់ទៅជួបជុំគ្រួសារ ក្នុងឱកាសបុណ្យទាននោះទេ។
គួរបញ្ជាក់ថា ជម្លោះដែនសមុទ្រនៅសមុទ្រចិនខាងត្បូងកាន់តែក្តៅគគុក ដោយចិននិងហ្វីលីពីនបានប្រឈមមុខដាក់គ្នាជាច្រើនលើក ក្នុងឆ្នាំនេះ។ ការបញ្ជូនសម្ភារៈយោធារបស់ហ្វីលីពីនទៅកាន់តំបន់នេះ អាចនឹងបង្កើនភាពតានតឹងនិងជម្លោះរវាងប្រទេសទាំងពីរ៕