(យូអិន)៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារ ទី១៧ ខែធ្នូ បាននិយាយថាជម្លោះនៅក្នុងប្រទេសស៊ីរី នៅមិនទាន់បិទបញ្ចប់នៅឡើយទេ បើទោះជា របបដឹកនាំរបស់អតីតប្រធានាធិបតី លោក Bashar al-Assad បានដួលរលំក៏ដោយ ដ្បិតជម្លោះរវាងកងកម្លាំងគាំទ្រដោយតួកគី និងឃើដនៅតែបន្តកើតមាននៅភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Geir Pedersen ជាបេសកជនពិសេស UN សម្រាប់ស៊ីរី ក៏បានអំពាវនាវផងដែរនៅឯក្រុមប្រឹក្សាសន្តិសុខឱ្យអ៉ីស្រាអែលបញ្ឈប់រាល់សកម្មភាពតាំងទីលំនៅនៅក្នុងតំបន់ Golan របស់ ស៊ីរីដែលអ៉ីស្រាអែលកំពុងគ្រប់គ្រង ហើយថាការដកទណ្ឌកម្មអាចនឹងក្លាយជាគន្លឹះមួយដ៏សំខាន់ដើម្បីជួយដល់ស៊ីរី។ ដោយឡែក នៅពេលនិយាយអំពីជម្លោះរវាងកងកម្លាំងគាំទ្រដោយតួកគី និងកងកម្លាំងឃើដ លោក Pedersen បានព្រមានថានៅតែមានជម្លោះដ៏ស្រួចស្រាល់កាលពីជាង២សប្ដាហ៍មុន មុននឹងមានបទឈប់បាញ់មួយ។ «បទឈប់បាញ់រយៈពេល៥ថ្ងៃ ឥលូវ បានអស់ សុពលភាព ហើយខ្ញុំពិតជាបារម្ភអំពីសេចក្ដីរាយការណ៍នៃជម្លោះយោធា»។ នេះជាការបន្ថែមរបស់លោក Pedersen ជាមួយការសង្កត់ធ្ងន់ថាជម្លោះណាមួយនឹងបង្កទៅជាមហន្តរាយ។

គួរបញ្ជាក់ថា ភ្លាមៗ ក្រោយការកត់សម្គាល់របស់លោក Pedersen សហរដ្ឋអាមេរិក បានប្រកាសថាខ្លួនបានសម្របសម្រួលឱ្យមានការបន្តសុពលភាពនៃបទឈប់បាញ់ រហូតដល់ចុងសប្ដាហ៍នេះ រវាងកងកម្លាំងគាំទ្រដោយតួកគី និងក្រុមអ្នកប្រយុទ្ធឃើដ នៅក្នុងទីក្រុង Manbij៕