(វ៉ាស៊ីនតោន)៖ ជាសហរដ្ឋអាមេរិក បាននិយាយថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការសម្លាប់មន្ត្រីយោធាជាន់ខ្ពស់ម្នាក់របស់រុស្ស៉ី នៅក្នុងប្រតិបត្តិការពិសេសមួយដែលអ៊ុយក្រែនអះអាងថាជាស្នាដៃរបស់ខ្លួននោះទេ តែបានថ្កោលទោសនូវអ្វីដែលទីក្រុងវ៉ាស៊ីនតោនហៅថាទង្វើឃោរឃៅប្រព្រឹត្តដោយមន្ត្រីរូបនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រភពនៅក្នុងទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន SBU បានអះអាងថា ការសម្លាប់មន្រ្តីយោធាជាន់ខ្ពស់រុស្ស៉ី លោកឧត្តមសេនីយ៍ Igor Kirillov នៅទីក្រុងមូស្គូ នាថ្ងៃអង្គារ ទី១៧ ខែធ្នូ គឺជាប្រតិបត្តិការពិសេសរបស់ ទីភ្នាក់ងារនេះ។ លោក Kirillov បានបាត់បង់ជីវិតជាមួយជំនួយការរបស់លោក នៅពេលគ្រឿងផ្ទុះ ដែលបង្កប់នៅជាប់យានអគ្គិសនី scooter ១គ្រឿង ត្រូវបានបំផ្ទុះឡើង នៅខាងក្រៅអគារស្នាក់នៅមួយខ្នង ក្នុងតំបន់ភាគអាគ្នេយ៍រដ្ឋធានីមូស្គូ។ ភា្លមៗ ក្រោយករណីឃាតកម្មនេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បានចោទប្រកាន់លោកខាងលិចថាបានសមគំនិតជាមួយអ៊ុយក្រែន ដើម្បី សម្លាប់លោក Kirillov ដោយលោកស្រីហាក់ចង់សំដៅលើសហរដ្ឋអាមេរិក។
ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានបញ្ជាក់ថាសហរដ្ឋអាមេរិក មិនបានដឹងជាមុន ហើយក៏មិនមានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះនោះដែរ។ «ខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាថា សហរដ្ឋអាមេរិកមិនបានដឹងជាមុន ហើយក៏មិនជាប់ពាក់ព័ន្ធនោះដែរ»។ នេះជាការគូសបញ្ជាក់របស់លោក Matthew Miller។ តែទោះជាបែបនេះក្ដី លោក Miller បានថ្កោលទោសនូវអ្វីដែលលោកហៅថាជាទង្វើ ឃោរឃៅប្រព្រឹត្តឡើងដោយលោក Kirillov ជុំវិញការប្រើប្រាស់អាវុធគីមីប្រឆាំងនឹងយោធាអ៊ុយក្រែន។
គួរបញ្ជាក់ថា លោក Igor Kirillov គឺប្រធានកងកម្លាំងការពារនុយក្លេអ៊ែរ ជីវសាស្រ្ត និងសារធាតុគីមី របស់យោធារុស្ស៉ី ហើយជាមន្ត្រីយោធាជាន់ខ្ពស់បំផុតមួយរបស់រុស្ស៉ីដែលត្រូវបានធ្វើឃាត ចាប់តាំងពីរុស្ស៉ីបើក ការឈ្លានពានលើអ៊ុយក្រែន កាលពីឆ្នាំ២០២២មក៕