(Reuters)៖ ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសវ៉ានូទូ (Vanuatu) នៅថ្ងៃពុធ ទី១៨ ខែធ្នូ បានតាមស្វែងរកមនុស្សដែលជាប់នៅក្រោមគំនរបែកបាក់ មួយថ្ងៃបន្ទាប់ពី គ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ វាយប្រហារលើរដ្ឋធានី Port Vila នៃប្រទេសដែនកោះប៉ាស៊ីហ្វិកមួយនេះ ដោយសម្លាប់មនុស្ស១៤នាក់ និងបង្កការខូចខាតដល់អគារជាច្រើន ស្ថានទូតមួយចំនួយ និងមន្ទីរពេទ្យមួយផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បើតាមអាជ្ញាធរនៃប្រទេសវ៉ានូទូ មនុស្សជាង ២០០នាក់បានរងរបួស ហើយកិច្ចប្រឹងប្រែងជួយសង្រ្គោះកំពុងផ្តោតលើអគារចំនួន២ដែលបានដួលរលំ ខណៈមនុស្ស៣នាក់ ដែលបានជាប់នៅក្រោមគំនរបែកបាក់នៃអគារមួយដែលបានបាក់រលំ កំពុងទំនាក់ទំនងជាមួយប៉ូលិស។ «យើងជឿថាអាចនឹងមានមនុស្សជាច្រើនកំពុងជាប់នៅក្រោមគំនរ បែកបាក់»។ នេះជាការគូសបញ្ជាក់របស់ស្នងការប៉ូលិសវ៉ានូទូ លោក Robson Iavro។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ វាយប្រហារលើរដ្ឋធានី Port Vila នៃប្រទេសដែនកោះវ៉ានូទូ កាលពីថ្ងៃអង្គារ ទី១៧ ខែធ្នូ ហើយបើតាមទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS មានជម្រៅ ១០គីឡូម៉ែត្រ៕