(វ៉ាស៉ីនតោន)៖​ អនាគតបេសកជនទទួលបន្ទុកកិច្ចការអ៊ុយក្រែន​ របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក​ លោក ​ដូណាល់​ ត្រាំ​ នឹងធ្វើដំណើរទៅកាន់ទីក្រុងកៀវ ក៏ដូចជារដ្ឋធានីអឺរ៉ុបមួយចំនួនទៀតនៅដើមខែមករា ខណៈរដ្ឋបាលបន្ទាប់អាមេរិកព្យាយាមបញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន​ ឱ្យបានឆាប់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃពុធ ទី១៨​ ខែធ្នូ​ ឆ្នាំ​ ២០២៤។

ប្រភពសុំមិនបញ្ចេញឈ្មោះបានប្រាប់​ Reuters ថា​ លោក​ Keith Kellogg មន្រ្តីចូលនិវត្តន៍ដែលកំណត់ថានឹងក្លាយជាបេសកជនពិសេសរបស់ លោក​ ត្រាំ​ ប្រចាំអ៊ុយក្រែន និងរុស្ស៉ីនោះ​ មិនមានគម្រោងទៅកាន់ទីក្រុងមូស្គូឡេីយ​អំឡុងទស្សនកិច្ចខាងមុខនេះ។ លោកនឹងទៅសួរសុខទុក្ខមេដឹកនាំជាន់ខ្ពស់ក្នុងទីក្រុងកៀវ​ ហើយក្រុមការងាររបស់លោក​ ក៏កំពុងធ្វើការដើម្បីរៀបចំកិច្ចប្រជុំជាមួយមេដឹកនាំនៅរដ្ឋធានីអឺរ៉ុបផ្សេងទៀត ដូចជាទីក្រុងរ៉ូម និងទីក្រុងប៉ារីសជាដើម។

កិច្ចប្រជុំនានាត្រូវបានគេរំពឹងថា​ នឹងផ្តោតលើការស្វែងរកការពិតក្នុងនាមរដ្ឋបាល​ លោក​ ត្រាំ ដែលបានដាក់ផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។​ អ្នកតំណាងរបស់​លោក​ ត្រាំ មិនបានធ្វើអត្ថាធិប្បាយលើកិច្ចប្រជុំដែលគ្រោងទុកនោះទេ ប៉ុន្តែនិយាយថា ការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន នៅតែជាអាទិភាពមួយសម្រាប់ប្រធានាធិបតីជាប់ឆ្នោត។​ ខាងតំណាង​ស្ថានទូត​អ៊ុយក្រែន និង​អ៉ីតាលី​ប្រចាំ​ទីក្រុង​វ៉ាស៉ីនតោន មិន​ទាន់ឆ្លើយតប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ ខណ:តំណាង​ស្ថានទូត​បារាំង​ក៏មិនអាចទាក់ទងបាន​ភ្លាមៗ​នោះដែរ។

គួរបញ្ជាក់ថា​ លោក ត្រាំ​ ធ្លាប់សន្យាថានឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន​ ត្រឹមរយៈពេល ម៉ោងក្រោយលោកចូលកាន់តំណែង។ អតីតមន្ត្រីស៊េីបសម្ងាត់ និងសន្តិសុខជាតិបានសម្តែងការងឿងឆ្ងល់ថា ស្នាដៃបែបនេះអាចសម្រេចបានលុះត្រាតែប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន យកតែហេតុផលតិចតួចមកកាន់តុចរចា ឬយ៉ាងហោចណាស់ធ្វេីតាមលក្ខខណ្ឌដែលអាចទទួលយកបានពីទីក្រុងកៀវ៕