(វ៉ាស៉ីនតោន)៖ តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែធ្នូ បានឱ្យដឹងថា ឥលូវនេះអង្គការណាតូ (NATO) បានមកទទួលបន្ទុកជំនួសសហរដ្ឋអាមេរិក លេីការងារសម្របសម្រួលជំនួយយោធាលោកខាងលិចសម្រាប់អ៊ុយក្រែន ដូចអ្វីដែលបានព្យាករពីមុនថាវាអាចជាយន្តការបន្ថយការគាំទ្រចំពោះទីក្រុងកៀវ របស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ។
ជំហាននេះកើតឡើងបន្ទាប់ពីការពន្យារពេលអស់ច្រើនខែ និងធ្វេីឱ្យអង្គការណាតូមានតួនាទីផ្ទាល់បន្ថែមទៀត នៅក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ ក្រុមអ្នកការទូតទទួលស្គាល់ថា ការប្រគល់តួនាទីសម្របសម្រួលទៅឱ្យណាតូអាចមានឥទ្ធិពលមួយកម្រិត ដោយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ត្រាំ ទំនងជាបន្ថយការគាំទ្ររបស់ខ្លួនចំពោះទីក្រុងកៀវ។
ទីស្នាក់ការកណ្តាលនៃបេសកកម្មអ៊ុយក្រែនថ្មីរបស់ណាតូ ហៅកាត់ថា NSATU មានទីតាំងនៅតំបន់ Clay Barracks ដែលជាមូលដ្ឋានទ័ពអាមេរិកក្នុងទីក្រុង Wiesbaden ប្រទេសអាល្លឺម៉ង់។ លោក Christopher G. Cavoli មេបញ្ជាការកំពូលអាមេរិកប្រចាំនៅអឺរ៉ុប បាននិយាយថា ការងាររបស់ NSATU ត្រូវបានរៀបចំឡើងដើម្បីឱ្យអ៊ុយក្រែននៅតែអាចមានភាពរឹងមាំ និងដេីម្បីរក្សាសុវត្ថិភាព វិបុលភាពប្រជាជនមួយពាន់លាននាក់របស់ខ្លួនទាំងនៅអឺរ៉ុប និងអាមេរិកខាងជើង។
គួរបញ្ជាក់ថា ពីមុនក្រុមចម្រុះ Ramstein ដឹកនាំដោយសហរដ្ឋអាមេរិកនៃប្រទេសប្រហែល ៥០ និងដែលត្រូវបានគេដាក់ឈ្មោះតាមមូលដ្ឋានទ័ពអាកាសអាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់ បានសម្របសម្រួលការផ្គត់ផ្គង់យោធាលោកខាងលិចដល់ទីក្រុងកៀវ។ NSATU ត្រូវបានកំណត់ថានឹងមានកម្លាំងសរុបប្រហែល ៧០០នាក់ រួមទាំងទាហានដែលឈរជើងនៅទីស្នាក់ការកណ្តាលយោធារបស់អង្គការ SHAPE ក្នុងប្រទេសបែលហ្ស៊ិក និងនៅមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងប្រទេសប៉ូឡូញ និងរ៉ូម៉ានី៕