(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃពុធ ទី១៨ ខែធ្នូ បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចទៅកាន់ កន្លែងតម្កល់សពឪពុកព្រមទាំងជីតារបស់លោក គឺលោក គីម ជុងអ៉ីល ហើយនិងលោក គីម អ៉ីលស៊ុង ដើម្បីគោរពវិញ្ញាណក្ខន្ធឪពុករបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ច កាលពីថ្ងៃអង្គារសប្តាហ៍នេះ ទៅកាន់វិមានព្រះអាទិត្យ Kumsusan ក្នុងរដ្ឋធានីព្យុងយ៉ាង ជាទីកន្លែងដែលសពឪពុកនិងជីតារបស់លោក ត្រូវបានតម្កល់ទុក ហើយទស្សនកិច្ចនោះ ធ្វើឡើងក្នុងឱកាសខួប១៣ឆ្នាំ នៃមរណភាពរបស់លោក គីម ជុងអ៉ីល។ បើតាម KCNA លោក គីម ត្រូវបានអមដំណើរដោយ ​ក្រុមមន្រ្តីជាន់ខ្ពស់របស់បក្សនិងរដ្ឋាភិបាល រួមមានទាំងនាយករដ្ឋមន្រ្តី លោក Kim Tok Hun និងប្រធានសភាលោក Choe Ryong Hae។

គួរបញ្ជាក់ថា លោក គីម អ៉ីលស៊ុង គឺជាបិតាស្ថាបនិកនៃប្រទេសកូរ៉េខាងជើង ខណៈលោក គីម ជុងអ៊ុល បានឡើងដឹកនាំបន្តវេន​ពីលោក គីម ជុងអ៉ីល កាលពីឆ្នាំ២០១១ ក្រោយលោក គីម ជុងអ៉ីល ទទួលមរណភាព៕