(មូស្គូ)៖ នៅថ្ងៃពុធ ទី១៨ ខែធ្នូ រុស្ស៉ីបានប្រកាសថា ខ្លួនចាប់បានបុគ្គលម្នាក់ជាពលរដ្ឋអ៊ូសបេគីស្ថាន ដែលបានឆ្លើយសារភាព ចំពោះការបង្កប់គ្រាប់បែក ដែលបានផ្តាច់ជីវិតឧត្តមសេនីយ៍រុស្ស៉ី លោក Igor Kirillov នៅក្នុងទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ ក្រោមការបង្គាប់បញ្ជាពី ទីភ្នាក់ងារសន្តិសុខរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Kirillov ដែលជាប្រធានកងកម្លាំងការពារនុយក្លេអ៊ែរ ជីវសាស្រ្ត និងសារធាតុគីមីរបស់រុស្ស៉ី ត្រូវបានធ្វើឃាត នៅខាងក្រៅ​អគារអាផាតមិនរបស់លោក រួមជាមួយជំនួយការរបស់លោក នៅពេលគ្រាប់បែក ដែលបង្កប់ក្នុងយានអគ្គិសនី scooter ១គ្រឿង ត្រូវបានបំផ្ទុះឡើង។ រូបលោក គឺជាមន្រ្តីយោធារុស្ស៉ីជាន់ខ្ពស់បំផុត ដែលត្រូវបានឃាតដោយអ៊ុយក្រែន នៅក្នុងទឹកដីរបស់រុស្ស៉ី។ ទីភ្នាក់ងារចារកម្មអ៊ុយក្រែន SBU ដែលចោទប្រកាន់លោក Kirillov អំពីការប្រើប្រាស់អាវុធគីមីហាមឃាត់ ប្រឆាំងទ័ពអ៊ុយក្រែន ជាការចោទប្រកាន់ដែលមូស្គូបដិសេធ បានចេញមុខអះអាងថា ការធ្វើឃាតនោះ គឺជាស្នាដៃរបស់ខ្លួន។

យោងតាមគណៈកម្មាធិការស៉ើបអង្កេតរុស្ស៉ី ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេបានធ្វើដំណើរមកកាន់ទីក្រុងមូស្គូ ដើម្បីទទួលយកគ្រឿងផ្ទុះកែច្នៃមួយ សម្រាប់ធ្វើសកម្មភាព។ ជននោះ បានរៀបរាប់អំពីរបៀបដែលខ្លួនបង្កប់គ្រាប់បែក ទៅក្នុង​យានអគ្គិសនី scooter ដែលរូបគេបានយកទៅចត នៅចំខាងក្រៅច្រកចេញ-ចូលអគារអាផាតមិន ដែលលោក Kirillov ស្នាក់នៅ។

ជនសង្ស័យខាងលើបានបន្តថា រូបគេបានដំឡើងកាមេរ៉ាឃ្លាំមើល ក្នុងរថយន្តជួល១គ្រឿង នៅក្បែរនោះ ហើយអ្នករៀបចំ​គម្រោងធ្វើឃាត ដែលខ្លួនអះអាងថា មានមូលដ្ឋាននៅឯទីក្រុង Dnipro របស់អ៊ុយក្រែន បានប្រើប្រាស់កាមេរ៉ានោះ ដើម្បីតាមមើលលោក Kirillov ហើយចុចបំផ្ទុះគ្រឿងផ្ទុះដែលបង្កប់ទុក នៅពេលលោកឧត្តមសេនីយ៍រុស្ស៉ី ចាកចេញពីអគារ។ ជនសង្ស័យ ដែលកើតឆ្នាំ១៩៩៥ បានប្រាប់ទៀតថា ខ្លួនទទួលបានថ្នូរជាលុយចំនួន១០០ ០០០ដុល្លារ និងឱកាសទៅរស់នៅ​ក្នុងប្រទេសអឺរ៉ុបមួយ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកស៉ើបអង្កេតរុស្ស៉ី ពួកគេកំពុងព្យាយាមកំណត់មុខសញ្ញាជនដទៃទៀត ដែលអាចជាប់ពាក់ព័ន្ធ ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករុស្ស៉ី បានរាយការណ៍ថា មានជនសង្ស័យម្នាក់ទៀត ក៏ត្រូវបានឃាត់ខ្លួន ផងដែរ៕