(វ៉ាស៉ីនតោន)៖​ ក្រុមគ្រួសារប្រជាជនប៉ាឡេស្ទីន​ បានប្តឹងក្រសួងការបរទេសអាមេរិក​ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ជុំវិញការផ្តល់ជំនួយយោធាឱ្យអ៉ីស្រាអែល ចំពោះមុខសង្គ្រាមហ្កាហ្សា ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបណ្តាលឱ្យមានវិបត្តិមនុស្សធម៌។​ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ​ ទី១៨​ ខែធ្នូ​ ឆ្នាំ​ ២០២៤។

ពាក្យបណ្តឹងដែលដាក់ជូនតុលាការស្រុក Columbia សហរដ្ឋអាមេរិក​ បានចោទប្រកាន់ថា ក្រសួងការបរទេស ក្រោមការដឹកនាំដោយលោក Antony Blinken មានចេតនាគេចវេះពីច្បាប់សិទ្ធិមនុស្សរបស់អាមេរិក ដើម្បីបន្តផ្តល់មូលនិធិ និងគាំទ្រដល់អង្គភាពយោធាអ៉ីស្រាអែល​ធ្វើសង្រ្គាមនៅហ្កាហ្សា​ និងការវាយឆ្មក់លើតំបន់​ West Bank។ បណ្តឹង​នេះ​ធ្វើឡើង ដោយ​ជនជាតិ​ប៉ាឡេស្ទីន​ ៥នាក់​មកពីតំបន់​ហ្កាហ្សា​ West Bank និង​នៅក្នុងសហរដ្ឋ​អាមេរិក​ ដោយនិយាយថា ដើមចោទជាគ្រូបង្រៀនម្នាក់នៅហ្កាហ្សា ដែលបានផ្លាស់ទីលំនៅ​ ៧លើកកក្នុងសង្រ្គាមបច្ចុប្បន្ន ហើយយបានបាត់បង់សមាជិកគ្រួសារចំនួន​ ២០នាក់។

ច្បាប់មួយនៅអាមេរិកដែលគេហៅថា Leahy Laws តាក់តែងដោយសមាជិកព្រឹទ្ធសភា លោក​ Patrick Leahy នៅចុងឆ្នាំ ១៩៩០​ រារាំងការផ្តល់ជំនួយផ្នែកយោធាដល់បុគ្គល ឬអង្គភាពកងកម្លាំងសន្តិសុខ ដែលប្រព្រឹត្តការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ តែមិនត្រូវបានយកមកកាត់ទោសនោះទេ។ តាមខ្លឹមសារនៃពាក្យបណ្តឹង​ ការបរាជ័យក្នុងការគណនារបស់ក្រសួងការបរទេស​អាមេរិក​ ជុំវិញការអនុវត្តច្បាប់ Leahy គឺគួរឱ្យភ្ញាក់ផ្អើលជាខ្លាំងនៅចំពោះមុខការកើនឡើងមិនធ្លាប់មាន ពីមុនមកនៃការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់អ៉ីស្រាអែល​ ចាប់តាំងពីសង្រ្គាមហ្កាហ្សាផ្ទុះឡើង​ នៅថ្ងៃទី៧​ ខែតុលាឆ្នាំ ២០២២។

គួរបញ្ជាក់ថា​ ទីក្រុងវ៉ាស៉ីនតោនកំពុងប្រឈមមុខនឹងការរិះគន់ពីក្រុមសិទ្ធិមនុស្ស​ សម្រាប់ការបន្តការគាំទ្រអ៉ីស្រាអែល ដោយគ្មានការផ្លាស់ប្តូរគោលនយោបាយធំដុំណាមួយ។ ទាំងនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)​ និងអង្គការលើកលែងទោសអន្តរជាតិ​ អាហ្រ្វិកខាងត្បូងចោទប្រកាន់អ៉ីស្រាអែលថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាម​ តែអ៉ីស្រាអែលតែងបដិសេធ៕